(ភ្នំពេញ)៖ យុវជនជាច្រើននាក់ បានបង្ហាញពីការចូលរួមបណ្តុះគំនិត «ភាពស្អាត» ចេញពីបេះដូងដោយការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានធ្វើសកម្មភាពប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមទីប្រជុំជននានា និងតាមមូលដ្ឋាន។
ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ យុវជនជាច្រើននាក់មកពី សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម សហការជាមួយវិស័យឯកជន និងអាជ្ញាធរមូលដ្ឋានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមដងផ្លូវក្នុងមូលលដ្ឋាន តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។
លោក ជំ ហួរ និង លោក ជុំ ហួត ជាប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានលើកឡើងពីគោលបំណងយុទ្ធនាការថា រៀបចំឡើងដើម្បីសម្រេចបានការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាទទួលបានភាពស្អាត គ្មានថង់ប្លាស្ទិក នៅតាមដងផ្លូវនៅឆ្នាំ២០២៥ និងឆ្ពោះទៅសម្រេចបានកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវយុវជនស្រឡាញ់បរិស្ថាន យ៉ាងពិតប្រាកដ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ដោយអនុវត្តបង្កើនភាពស្អាតរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និងចីរភាព។ ចលនានេះ នឹងកាន់តែសំខាន់ៗ ទៅ ព្រោះជាការផ្តល់សារជាក់ស្តែងចេញជាសកម្មភាព បំផុសស្មារតី អំពីការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ការប្រូលទុកដាក់ និងការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យ មានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា របស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ សកម្មភាពយុវជនស្រឡាញ់បរិស្ថាន បានឆ្លុះបញ្ជាំងពីទង្វើនៃក្រុមដែលអះអាងថាខ្លួន ជាអ្នកស្រឡាញ់បរិស្ថាណតែមិន មិនបានធ្វើអ្វីក្រៅពីស្រែក ជំរុញឱ្យយុវជនខ្មែរមួយចំនួនតូច ចាញ់ល្បិច របស់ខ្លួនបំផ្លាញអនាគតយុវជនខ្មែរ ធ្វើឱ្យយុវជនខ្មែរ ជាប់ទោសទណ្ឌ ដើម្បីតែបំរើផលប្រយោជន៍ បរទេស និងបក្សពួកខ្លួន ដែលមានបំណងបំផ្លាញសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ពេលនេះយុវជនស្រឡាញ់បរិស្ថាន លែងជឿលើការញុះញង់របស់ក្រុមអគតិ ដែលមាននយោបាយ បដិវត្តន៍ព័ណ៌ និងបានសម្រេចចិត្តច្រើនឡើងជាបន្តបន្ទាប់ ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះមានមនុស្សជាង៩,៦លាននាក់ បានចូលរួម ហើយភាគច្រើនជាយុវជន ក្នុងនោះសិស្សានុសិស្សចំនួន ជាង៣,៦លាននាក់ផងដែរ និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ពីមនុស្សចំនួនប្រមាណ៣លាននាក់ និងបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំអាតភូមិដ្ឋាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ។
សូមជម្រាបដែរថា ក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់ បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ដើម្បីការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ មានបរិស្ថានស្អាត កម្ពុជាបង្កើនបានគម្របបៃតង មានខ្យល់អាកាសល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្ដើមពីយើងទាំងអស់គ្នា ជាពិសេសយុវជន ដែលជាអនាគតរបស់ប្រទេសជាតិ ចូលរួមក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់ ហើយចូលរួមបណ្តុះ គំនិត «ពន្លកបៃតង» ចូលរួមបណ្តុះកូនឈើ ដាំដើមឈើឱ្យបានច្រើន និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការការពារនិងអភិរក្សធនធានធម្មជាតិ ដល់សហគមន៍ ដែលមានប្រយោជន៍សម្រាប់ជីវភាព ទាញចេញពីទេសចរណ៍ធម្មជាតិ និងការរក្សាព្រៃឈើសម្រាប់ឥណទានកាបូន(ភូមិជ័យ)៕