(នូវ៉ែលហ្សេឡង់)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ (ទីក្រុងហុកស្បេ-ហាមិលតុន-អូក្លិន) នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាល និងទទួលអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងទីតំបន់ហុកស្បេ និងណែបភា ប្រទេសនូវ៉ែលហ្សេឡង់។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត កៅ ថាច បានធ្វើការថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបាន សម្រេចចិត្តចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា បងប្អូនមានភាពជឿជាក់ លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានធ្វើការរំលឹកពីប្រវត្តិនៃការបង្កើតបក្សប្រជាជនកម្ពុជា និងការតស៊ូយ៉ាងស្វិតស្វាញ និងអំពីវីរៈភាព ស្នេហាជាតិ របស់ថ្នាក់ ដឹកនាំគណបក្ស ដែលបានធ្វើការរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មៅងងឹត ដែលបានកាប់សម្លាប់ ខ្មែរគ្នាឯង អស់រាប់លាននាក់។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានលើកអំពីស្មារតីស្នេហជាតិ និងការប្តេជ្ញាធ្វើការបង្រួបបង្រួមជាតិ និងបានស្វែងរកសុខសន្តិភាពរបស់គណបក្សជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
បន្ថែមលើនេះ លោកបណ្ឌិត បានធ្វើការចែករំលែកអំពី សភាពការណ៍ថ្មីៗ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ នៅកម្ពុជា ជូនដល់បងប្អូនបានជ្រាបជាព័ត៌មាន និងមានមូលដ្ឋាន សម្រាប់ការពិចារណា កុំឲ្យជឿលើការឃោសនាអកុសលពីបណ្តាក្រុមប្រឆាំង ដែលតែងតែនិយាយមិនពិតពីកម្ពុជា និងតែងតែបង្កបញ្ហា និងជំរុញឲ្យមានអស្ថិរភាពសង្គម បំផ្លាញសន្តិភាព។
លោកបណ្ឌិត បានគូសរំលេច និងបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបោះជំហានទៅមុខជាបណ្តើរៗ ក្នុងការពង្រឹង និងពង្រីកខ្លួនលើគ្រប់វិស័យ ដែលទាំងនេះចេញពី ការគិតគូរគ្រប់ជ្រុងជ្រោយ ពីថ្នាក់ដឹកនាំគណបក្សប្រជាជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី។
លោកបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់បងប្អូនសមាជិកបក្សនៅតំបន់ក្រុងហុកស្បេទាំងអស់ សូមបន្តជួយស្វែងរក និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត ឲ្យបានច្រើន និង សូមជួយផ្សព្វផ្សាយបន្តនូវអំពើល្អ, គុណសម្បត្តិ, សកម្មភាពល្អៗ និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្តូរយក សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទូទាំងប្រទេស៕