ក្រុមឧទ្ទាមគាំទ្រតួកគី ២៥នាក់ ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែក នៅភាគខាងជើងស៊ីរី
06-10-2016 15:59
(ស៊ីរី)៖ ក្រុមអ្នកអង្កេតការសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា ក្រុមអ្នកប្រយុទ្ធនៃក្រុមឧទ្ទាមគំាទ្រដោយ រដ្ឋាភិបាលតួកគី យ៉ាងហោចណាស់ ២៥នាក់ បានស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅក្បែរតំបន់ព្រំដែន តួកគី - ស៊ីរី។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ ២០១៦។
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅក្នុងតំបន់ Atmeh ស្ថិតនៅភាគខាងលិច ទីក្រុង អាឡេប៉ូ ហើយបើតាមរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញសាកសពមនុស្ស ប្រឡាក់ឈាមដេករប៉ាត់រប៉ាយពេញផ្លូវ ខណៈភ្លាមៗនោះដែរពុំទាន់មានក្រុមណាមួយ ចេញមុខអះអាង ទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែក្រុម ISIS ត្រូវបានគេដឹងកន្លងមកថាតែងតែដឹកនំា ការវាយប្រហាររបៀបនេះ នៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធដែលស្លាប់បាត់បង់ជីវិត គឺជាសមាជិកនៃក្រុមឧទ្ទាម Failaq al-Sham គំាទ្រដោយរដ្ឋាភិបាលតួកគី ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុម ISIS នៅតាមបណ្ដោយព្រំដែន ជាមួយនឹងស៊ីរី។ សម្រាប់តំបន់ Atmeh គឺផ្លូវភ្ជាប់មួយដ៏សំខាន់រវាងខេត្ត អ៊ីដលីប កាត់តាមប្រទេសតួកគី ឆ្ពោះទៅកាន់ទីក្រុង អាឡេប៉ូ ជាទីដែលក្រុមឧទ្ទាម Failaq al-Sham កំពុងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម ISIS៕