(ភ្នំពេញ)៖ សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារជូនពរ សម្តេចមហាបវរធិបតី នៅក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
តាមរយៈសារលិខិត សម្តេច មហាមន្ត្រី គុយ សុផល បានលើកឡើងថា៖
សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់
ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា នៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីរីករាយឥតឧបមា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះអង្គ ព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ និងសម្រេចបាននូវជោគជ័យថ្មីៗបន្តទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនរុងរឿងរបស់ប្រជាជននៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ។
ស្ថិតក្នុងឱកាសដ៏បវរមហាប្រសើរនេះ ខ្ញុំសូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្តី ជ័យ មង្គលជូន លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចមហាបវរធិបតី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ៕