(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចមហាបវរធិបតី នៅក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
តាមរយៈព្រះរាជសារ ព្រះមហាក្សត្របានមានព្រះបន្ទូលទាំងស្រុងថា៖
សម្តេចមហាបវរធិបតី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមសម្តែងនូវការកោតសរសើរជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ របស់ សម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណ ប្រកបដោយគតិ បណ្ឌិត ទេពកោសល្យខ្ពស់ ឆន្ទៈដ៏មុតមាំ ម៉ឺងម៉ាត់ និងឈ្លាសវៃ បានធ្វើឱ្យព្រះរាជាណាចក្រ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិមានភាពរីកចម្រើន និងមានស្វាមីភក្តិ ចំពោះរាជបល្ល័ង្ក ព្រមទាំងកិត្តិសព្ទល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហា ជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕