(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ លោក ជាំង ប៉ូ(Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំកម្ពុជា ចូលជួបពិភាក្សា និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ។

លោក ជាំង ប៉ូ បានថ្លែង អំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលអនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម និងពាំនាំនូវការសួរសុខទុក្ខ និងសម្តែងនូវការគោរពពីថ្នាក់ដឹកនាំ​សភាទាំងពីរ​នៃសាធារណរដ្ឋប្រជាមានិតចិនជូនសម្តេចប្រធាន ដែលជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។ជាពិសេសនៅក្នុងខែនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នឹងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋលើកទី១នៅកម្ពុជា ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយតាមរយៈដំណើរទស្សនកិច្ចនេះ នឹងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជន​ទាំងពីរ​នៅក្នុងដំណាក់កាលថ្មីនេះ។

លោកបានបន្ថែមទៀតថា ចំពោះទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសនៅក្នុងឆ្នាំនេះ មានដំណើរទស្សនកិច្ចឥស្សរជនជាន់ខ្ពស់របស់កម្ពុជាទៅ​ប្រទេស​ចិន ជាអាទិ៍ ព្រះរាជដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែល​បានជួបជាមួយសមភាគីចិន លោកនាយករដ្ឋមន្រ្តី លី ខឺឈាង ចំនួន៣លើក។

សម្តេច សាយ ឈុំ  ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់ចិន ដែលនាំមកនូវសន្តិសុខ ស្ថិរភាព សន្តិភាពនិងសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ហើយក៏គាំទ្រដល់គំនិតផ្តួចផ្តើម​របស់ចិនទាំងពីរ គឺវិថីសូត្រ និងផ្លូវមួយខ្សែក្រវាត់មួយ និងការបង្កើតនូវធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី  ក្នុងនោះកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការនេះ ហើយសង្ឃឹមថា នឹងបានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះផងដែរ។

សម្តេចក៏បានសង្ឃឹមថា នាពេលអនាគត ការផ្លាស់ប្តូររវាងសភានៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនថែមទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងដើម្បីរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ។

បន្ទាប់ពីជំនួបសវនាការនេះ សម្តេចប្រធានព្រឹទ្ធសភា និងលោក ឯកអគ្គរដ្ឋទូតចិន ក៏បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន៣៦គ្រឿង (កុំព្យូទ័រយួរដៃ ១០គ្រឿង និងកុំព្យូទ័រលើតុ ២៦គ្រឿង) ដែលជាអំណោយរបស់សភាប្រជាជនចិន ជូនចំពោះព្រឹទ្ធសភាកម្ពុជា៕

http://image.freshnewsasia.com/2016/fn-2016-10-06-15-19-01-1.JPG