(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវេទិកាជាតិគណនេយ្យ២០២៤ ក្រោមប្រធានបទ «តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០» កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងបើកវេទិកាជាតិគណនេយ្យ២០២៤ ថ្ងៃទី២ ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សជាគណនេយ្យករជំនាញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី អ្នកនាងកញ្ញា ជាតំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម តំណាងសហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងសិស្សានុសិស្ស ដែលមានចំនួនអ្នកចូលរួមប្រមាណ ១,៣០០នាក់។
ជាកិច្ចចាប់ផ្តើម លោកអគ្គនាយកបានរំឭកសារជាថ្មីម្តងទៀតអំពីគោលបំណងសំខាន់របស់ វេទិកាជាតិ គណនេយ្យ២០២៤ ត្រូវបានរៀបចំឡើងដោយនិយ័តករគណនេយ្យនិងសវកម្ម ដើម្បីផ្តល់នូវព័ត៌មានដល់ សិក្ខាកាមអំពី វឌ្ឍនភាពថ្មីៗ នៃវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា, និងដើម្បីប្រមូលធាតុចូលពីអ្នកចូលរួមទាំងអស់សម្រាប់ជា មូលដ្ឋានបន្ថែមក្នុងការរៀបចំ និងការកែលម្អក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការពង្រឹងតួនាទីនិយ័តករនិងគណនេយ្យករជំនាញ ក្នុងការ សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
ជាមួយគ្នានេះផងដែរ លោកអគ្គនាយក បានលើកឡើងអំពីប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបានស្នើឱ្យតួអង្គពាក់ព័ន្ធក្នុង វិស័យគណនេយ្យនិងសវនកម្ម យកចិត្តទុកដាក់លើការកំណត់អាទិភាពឱ្យបានច្បាស់លាស់លើការវិនិយោគជាយុទ្ធសាស្រ្តក្នុង ការអភិវឌ្ឍមូលធនមនុស្សជាគណនេយ្យករជំនាញ ដែលត្រូវការចំាបាច់ក្នុងការកសាង និងការអភិវឌ្ឍវិស័យគណនេយ្យ និងរក្សាបាននូវស្តង់ដាខ្ពស់បំផុតនៃគុណភាពរបាយការណ៍ហិរញ្ញវត្ថុ។
ជាក់ស្តែងការអភិវឌ្ឍមូលធនមនុស្សជាគណនេយ្យករ ជំនាញ ជាប្រធានបទចំបងក្នុងថ្ងៃទី២ នៃវេទិកាជាតិគណនេយ្យ២០២៤ នេះដែលផ្តោតជាសំខាន់លើប្រធានបទ២ រួមមាន៖ (ក)សារៈសំខាន់នៃការអភិវឌ្ឍន៍ជំនាញដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង (ខ) អនាគតនៃ មុខងារហិរញ្ញវត្ថុក្នុងឆ្នាំ២០៣០។
មុននឹងបញ្ចប់លោកអគ្គនាយកបានថ្លែងនូវការកោតសរសើរចំពោះលោក, លោកស្រី និងសមាជិកវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសមាគមគណនេយ្យរជំនាញ ACCA ដែលបានខិតខំ ក្នុងការជំរុញកិច្ចអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ៕