(ភ្នំពេញ)៖ ក្រោមកម្មវិធីបណ្តាញ និងការផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនប្រទេសជប៉ុន និងប្រទេសអាស៊ីខាងកើត ហៅកាត់ថា JENESYS យុវជនកម្ពុជាប្រមាណ ២២រូប និងយុវជនមកពីបណ្តាប្រទេសជាង ១០ផ្សេងទៀត បានបំពេញទស្សនកិច្ចសិក្សាពីការអភិវឌ្ឍន៍ និងវប្បធម៌ប្រពៃណី ព្រមទាំងវិស័យដទៃទៀតរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
ក្នុងដំណើរទស្សនកិច្ចនេះទាំងយុវជនកម្ពុជា និងយុវជនមកពីបណ្តាប្រទេសផ្សេងៗទៀត ត្រូវបានរៀបចំឲ្យធ្វើដំណើរក្នុងទីក្រុងតូក្យូទស្សនា តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងចុះទៅតាមបណ្តាខេត្តផងដែរ ដើម្បីផ្តល់ឱកាសឲ្យយុវជនក្នុងប្រទេសអាស៊ីខាងកើត ក៏ដូចជាយុវជន កម្ពុជា បានសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណី ការរស់នៅរបស់ប្រជាពលរដ្ឋជប៉ុន ជាពិសេសការអភិវឌ្ឍដ៏ជឿនលឿនរបស់ប្រទេស យក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។
ប្រទេសជប៉ុន បានប្រើរយៈពេលត្រឹម ២០ឆ្នាំប៉ុណ្ណោះ ក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ (១ កញ្ញា ១៩៣៩-២ កញ្ញា ១៩៤៥) ប្រែក្លាយ សេដ្ឋកិច្ចរបស់ខ្លួនពីប្រទេសមិនមានអ្វីសោះ មកជាប្រទេសមានចំណូលជាតិសរុបប្រមាណ ២០០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ១៩៧០ ។ ដើម្បីរុញច្រានសេដ្ឋកិច្ចរបស់ខ្លួន ជប៉ុន បានដាក់ចេញទិសដៅដ៏ជាក់លាក់មួយលើគោលនយោបាយ ពាណិជ្ជកម្មរបស់ខ្លួនគឺមានតែការ នាំចេញ គ្មានឡើយការនាំចូល «Export Yes! Import No!»។ បច្ចុប្បន្នជប៉ុន មានចំណូលថវិកាជាតិសរុបជាង ៤,១២៣ ពាន់លានដុល្លារ អាមេរិក។
តាមរយៈដំណើរសិក្សានៅតាមតំបន់ជាច្រើនកន្លែងនោះ ទាំងយុវជនរបស់កម្ពុជា និងយុវជនពីបណ្តាប្រទេសដទៃទៀត ក្រោយបញ្ចប់ ដំណើរ ទស្សនកិច្ចសិក្សា បានបង្ហាញអារម្មណ៍ស្ញប់ស្ញែងខ្លាំង ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជប៉ុនជាមួយបច្ចេកវិទ្យា ទំនើប ជាពិសេសភាពមមាញឹកក្នុងការងាររបស់ប្រជាពលរដ្ឋជប៉ុនតែម្តង។ ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឲ្យពួកគេដកស្រង់ពិសោធន៍ យ៉ាងច្រើន ពាក់ព័ន្ធការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យកសិកម្ម និង ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជប៉ុន។
លោក ហេង សាមឌី យុវជនមកពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និង នេសាទ បានថ្លែងថា «ខ្ញុំយល់ឃើញថា កម្មវិធីនេះពិតជាបានផ្តល់ បទពិសោធន៍ថ្មី ដែលខ្ញុំមិនបានដឹង និងមិនបានរៀនសូត្រពីមុនមកនៅក្នុងប្រទេសកម្ពុជា។ ជារួមបទពិសោធន៍នេះ ទាក់ទងបច្ចេកវិទ្យា ខ្ញុំឃើញថា វាមានការអភិវឌ្ឍ ដែលយើងគួរតែយកជាគំរូតាមទាំងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗ ពោលគឺស្ទើរតែគ្រប់ វិស័យ»។
លោក ចេង ចាន់ដូណា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា «ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចម្ចាស់ការ ខ្លួនឯង ភាគច្រើន និងផ្តោតសំខាន់លើការនាំចេញ ហើយជប៉ុនច្រើនតែប្រើប្រាស់ផលិតក្នុងស្រុក គាត់មិនសូវនាំចូលផលិតផលក្រៅស្រុកឡើយ។ ជប៉ុន នាំចូលលើកលែងតែទំនិញនោះមិនមាននៅក្នុងប្រទេសរបស់គាត់ ហើយត្រូវតែជាផលិតដែលមានគុណភាពល្អ និងតម្លៃថោកជាង ផលិតផលក្នុងប្រទេសរបស់គាត់ និងមួយវិញទៀត ជាផលិតដែលមានតម្រូវការចាំបាច់នៅក្នុងប្រទេស»។
ដោយឡែកយុវជន សែម រិទ្ធីដែន វិញ បានបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំពោះការភាពសម្បូរបែបនៃប្រព័ន្ធដឹកជញ្ជូន ការលូត លាស់ឆាប់រហ័សនៃសេដ្ឋកិច្ច ព្រមទាំងភាពមមាញឹកលើការងាររបស់ពលរដ្ឋជប៉ុន។ «ដំណើរកម្សាន្តឃើញថា តាំងពីចូលមក យើងប្លែក! ប្លែកទី១ គឺប្រព័ន្ធដឹកជញ្ជូនរបស់គេឃើញថា ប្រព័ន្ធដឹកជញ្ជូននៅប្រទេសគេវាសម្បូរបែបមានផ្លូវរថយន្ត ផ្លូវរថភ្លើង...វាច្រើនសម្បូរបែប ខ្លាំងណាស់អ៊ីចឹងធ្វើឲ្យយើងប្លែកអារម្មណ៍។ ទី២ហ្នឹងមើលឃើញខាងការអភិវឌ្ឍពីសេដ្ឋកិច្ចរបស់គេ គឺខ្ពស់ ហើយការយល់ដឹងរបស់ ប្រជាពលរដ្ឋជប៉ុន គឺគាត់មានការខិតខំធ្វើការច្រើន ដែលជាទូទៅត្រូវគេបានសរសើរថា [Hard Working People]»។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមយុវជនកម្ពុជា ក៏ត្រូវបានឲ្យចុះទៅសិក្សា និងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងខេត្ត Fukushima ផងដែរ។ ខេត្ត Fukushima ជាខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម តែប្រទេសនេះ ក៏បានរងការវាយប្រហារធ្ងន់ធ្ងរ ដោយសារគ្រោះរញ្ជួយដីនៅឆ្នាំ២០១១ បណ្តាលឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងប្រជាពលរដ្ឋត្រូវខូចខាត។ គ្រោះរញ្ជួយដីនេះ បានធ្វើឲ្យបែកធ្លាយកន្លែងផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ បង្កឲ្យសាយភាយជាតិវិទ្យុសកម្មប៉ះពាល់ខ្លាំងដល់សុខភាពប្រ ជាពលរដ្ឋ ជាពិសេសផលដំណាំកសិកម្ម។
តែ៥ឆ្នាំក្រោយគ្រោះរញ្ជួយដីនេះ ខេត្តមួយនេះ ត្រូវបានស្តារឡើងវិញស្ទើរទាំងស្រុង ទាំងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងដំណាំកសិកម្ម។ ពេលនេះ ដំណាំកសិកម្មក្នុងខេត្ត Fukushima ប្រមាណ ១៧ម៉ឺនប្រភេទត្រូវបានពិសោធន៍ និងអាចបរិភោគបានដោយមិនប៉ះពាល់ សុខភាពនោះឡើយ។ យុវជនខ្មែរ ដែលបានចុះទៅដល់ខេត្ត Fukushima បានបង្ហាញកោតសរសើរដល់ប្រទេសជប៉ុនដែលបានប្រឹងប្រែង រួមគ្នា និងស្តារឡើងវិញ នូវការខូចខាតបានឆាប់រហ័សបែបនេះ។
កញ្ញា ពឹង គីមឆេ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលបានប្រឹងប្រែងយ៉ាងស្រុះគ្នាដើម្បីស្តារ ឡើងវិញនូវការខូចខាតនៅក្នុងខេត្ត Fukushima ក្រោយគ្រោះរញ្ជួយដីនេះ។ កញ្ញា បានបញ្ជាក់ដូច្នេះ «ខ្ញុំចាប់អារម្មណ៍ទៅលើខេត្ត Fukushima ដែលយើងបានទៅសិក្សា៥ថ្ងៃ។ អ្វីដែលចាប់អារម្មណ៍នៅពេលរងការបំផ្លាញដោយគ្រោះរញ្ជួយដី និងការសាយភាយ នៃនុយក្លេអ៊ែរហ្នឹងមក គឺពួកគាត់បានប្រឹងប្រែងរួមគ្នាស្តារតំបន់ខូចខាតឡើងវិញយ៉ាងស្ទុះស្ទា ដោយមានការចូលរួមទាំងខាងរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត Fukushima។ ជាក់ស្តែងទាំងសិស្សសាលា និងអ្នកធ្វើការគាត់យល់ថា ត្រូវធ្វើយ៉ាងម៉េចឲ្យខេត្តហ្នឹងរស់រៀន មានជីវិតឡើងវិញ កុំឲ្យគេយល់ថា មានជាតិវិទ្យុសកម្មខ្លាំងត្រូវបោះបង់ចោល»។
ក្រុមយុវជនកម្ពុជា ក៏ដូចជាយុវជនពីបណ្តាប្រទេសដទៃទៀតនៅអាស៊ីខាងកើត ក៏បានបង្ហាញការស្ញប់ស្ញែងផងដែរ ចំពោះភាពមមាញឹក និងការងាររបស់ប្រជាពលរដ្ឋជប៉ុន។ នៅតាមដងផ្លូវ និងក្នុងរថភ្លើងនាទីទីក្រុងតូក្យូ ក៏ដូចជានៅតាមទីជនបទ ប្រជាពលរដ្ឋជប៉ុនមានការ មមាញឹកខ្លាំងជាមួយការងារ ហាក់មិនសូវជាបានចំណាយពេលឲ្យកន្លងហួសទៅដោយគ្មានតម្លៃនោះឡើយ។
«ខ្ញុំយល់ថា ពួកគាត់ជាអ្នកចេះគោរពគ្នាទៅវិញទៅមក ហើយគាត់គួរសម គាត់ចូលចិត្តឱនក្បាល ឲ្យតែឃើញយើងគាត់ ចូលចិត្តញញឹម ចូលចិត្តប្រើពាក្យសួស្តី ហើយអរគុណ ហើយរក្សាភាពគោរពគ្នាទៅវិញទៅមក។ ខ្ញុំមានអារម្មណ៍ថា ពួកគាត់គឺប្រឹងប្រែងធ្វើការមមាញឹក ខ្លាំង ទាំងដំណើរ ហើយខ្ញុំអត់សូវឃើញមនុស្សនៅតាមផ្លូវទេក្នុងម៉ោងការងារ ភាគច្រើនក្នុងម៉ោងធ្វើការ គឺស្ងាត់! អ៊ីចឹងខ្ញុំយល់ថា គាត់ ប្រហែលមមាញឹកខ្លាំងអត់សូវមានទំនេរ យកចិត្តទុកដាក់លើការងាររបស់គាត់»។ នេះការបញ្ជាក់របស់កញ្ញា គីមឆេ ក្រោយការទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន រយៈពេល ១០ថ្ងៃ។
ក្រុមយុវជន បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបង្កើតកម្មវិធី JENESYS ព្រោះវាជាឱកាសឲ្យយុវជនកម្ពុជា និងយុវជននៅបណ្តាប្រទេសអាស៊ីខាងកើត បានដកស្រង់ និងសិក្សាស្វែងយល់ពីពិសោធន៍ល្អៗនៅក្នុងប្រទេសជប៉ុន ពីការអភិវឌ្ឍន៍ផ្នត់ គំនិតផ្ទាល់ខ្លួន ក៏ដូចជាផ្សព្វផ្សាយដល់យុវជន និងប្រជាពលរដ្ឋដទៃទៀតឲ្យបានជ្រាបកាន់តែច្បាស់ចំពោះ ភាពរីកចម្រើននៅក្នុងប្រទេស ជប៉ុន។ ត្បិតថា ភាពរីកចម្រើនរបស់ប្រទេសជប៉ុន មិនអាចកាត់ផ្តាច់ និងខ្វះនូវការចូលរួមពីកោសិកាណាមួយ ក្នុងសង្គមបានឡើយ។
ទោះបីជាយ៉ាងណា ក្រុមយុវជន ក៏ចង់ឃើញកម្មវិធីនេះ បង្កើតឲ្យកម្មវិធីជួបគ្នាឲ្យបានកាន់តែច្រើនរវាងយុវជនពីបណ្តាប្រទេសក្នុងតំបន់ អាស៊ីខាងកើត ជាមួយយុវជនរបស់ជប៉ុន ដើម្បីឲ្យពួកគេបង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែច្រើន បង្កើនភាពសុខ ដុមនីយកម្មក្នុងទំនាក់ទំនង នៃប្រទេសតំបន់អាស៊ីខាងកើត និងយុវជនរបស់ជប៉ុន៕