(ព្រៃវែង)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំលក្ខណៈប្រចាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន១១ខ្សែ ប្រវែងសរុប ១១១.៩៩គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៨ នៃខេត្តព្រៃវែង។
លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឱ្យដឹងថា ផ្លូវដែលគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតម្លៃមានចំនួន១១ខ្សែ ស្ថិតក្នុងស្រុកចំនួន៨ គឺស្រុកមេសាង កំចាយមារ កញ្ជ្រៀច ពាមជរ ពាមរក៍ ព្រះស្តេច កំពង់ត្របែក និងស្រុកស្វាយអន្ទរ។ ចំពោះផ្លូវទាំង១១ខ្សែនេះ មានផ្លូវក្រួសក្រហមចំនួន៦ខ្សែ ប្រវែង ៥០.០៩គីឡូម៉ែត្រ ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន៥ខ្សែ មានប្រវែង ៦១.៩០គីឡូម៉ែត្រ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើ គុណភាពផ្លូវទាំង១១ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកសម្រាប់ការអនុវត្តការងារថែទាំផ្លូវទាំងនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត នួន ដាញ៉ិល បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវក្រាលក្រួសក្រហម និងផ្លូវក្រាលខ្សាច់ភ្នំ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ លើស្រុកទាំង៨ ឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយ ប្រកបដោយសុវត្ថិភាព និងយូរអង្វែង។
បន្ថែមលើសពីនេះ លោកបណ្ឌិតបានរំលឹកផងដែរពីស្ថានភាពផ្លូវទាំង១១ខ្សែខាងលើថា ដើមឡើយវាគ្រាន់តែជាផ្លូវចរាចរណ៍បានត្រឹមតែរទេះគោ ឬម៉ូតូប៉ុណ្ណោះ តែក្រោមការគិតគូនិងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការស្ថាបនារបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអភិវឌ្ឍន៍ផ្លូវនេះ ទៅជាផ្លូវក្រាលខ្សាច់ភ្នំ និងក្រាលក្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ។
លោកបណ្ឌិតបានបន្តថា ក្រោយស្ថាបនារួចរាល់ ផ្លូវទាំង១១ខ្សែនេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យ ពួកគាត់ឡើងថ្លៃជាដើម។
ក្នុងឱកាសនោះ លោកបណ្ឌិត នួន ដាញ៉ិល បានសំណេះសំណាល និង បានពាំនាំនៅប្រសាសផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ លោកឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍បទ ជូនចំពោះប្រជាពលរដ្ឋ និងចែកវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋ និងសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួម ថែទាំ កុំចាក់ដីធ្វើភូមិខ្ពស់ជាងផ្លូវ កុំបង្ហូរទឹកចូលផ្លូវដែលនាំឱ្យទឹកដក់ ឬហូរកាត់ផ្លូវនាំឱ្យផ្លូវច្រោះដាច់ប្រើប្រាស់មិនបានយូរអង្វែង ត្រូវប្រើប្រាស់ផ្លូវទៅតាមបទដ្ឋានបច្ចេកទេសដែលមន្ត្រីផ្លូវជនបទណែនាំ និងសហការជាមួយរដ្ឋអំណាចភូមិ ឃុំ ស្រុក និងមន្រ្តីបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីទប់ស្កាត់រថយន្តកែច្នៃ ដឹកលើសទម្ងន់កំណត់ផងដែរ៕