(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដឹកនាំក្រុមការងារទៅលើកទឹកចិត្តកីឡាករទូកឈ្មោះ «សាមគ្គីធីបតីសែនជ័យបារមីស្រីទេព» ក្រោយដណ្ដើមបាន ជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍ ប្រកួតប្រជែងថ្នាក់ខេត្ត នាថ្ងៃទី១៦-១៧ ខែតុលានេះ និងបានថ្លែងថា កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឱ្យយើងសម្រេចបានជោគជ័យគ្រប់ឧបសគ្គ។
លោកបានថ្លែងអំណរគុណគណៈកម្មការ និងបងប្អូនកីឡាករដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ក្នុងការចូលរួមប្រលងប្រណាំង រហូតទទួលបានជ័យលាភី លើដៃគូប្រកួតប្រជែង។
លោកឧត្តមសេនីយ៍ត្រី បានលើកឡើង អំពីអត្ថប្រយោជន៍ នៃការលេងកីឡា គឺដើម្បីទទួលបានសុខភាពល្អផ្ដល់ឱកាសដល់យុវជនចេះធ្វើការជាក្រុម មានការទំនាក់ទំនងផ្លាស់ប្ដូរយោបល់ ចែករំលែកចំណេះដឹងបទពិសោធន៍ សាមគ្គីភាព កិច្ចសហការល្អ ជាមួយគ្នា មានចិត្តអំនត់អត់ធ្មត់ ឈានទៅសម្រេចគោលដៅរួម ចៀសវាងមានពេលទំនេរ ឈានទៅប្រព្រឹត្តអំពើអបាយមុខនានា ដែលសង្គមស្អប់ខ្ពើម ដូចជា លួច ឆក់ ប្លន់ គ្រឿងញៀន។
គណៈកម្មការ និងកីឡាករទូក «សាមគ្គីធីបតីសែនជ័យបារមីស្រីទេព» បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ត្រី ហេង សុផល និងកងកម្លាំងក្រោមឱវាទដែលឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់នូវសម្ភារៈភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន តាំងពីហាត់សមរហូតបញ្ចប់កម្មវិធីប្រកួត និងជូនពរជ័យជូនចំពោះអស់លោក លោកស្រីសូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន។
គូបញ្ជាក់ថា ទូកឈ្មោះសាមគ្គីធីបតីសែនជ័យបារមីស្រីទេព មានចំណុះ២២នាក់ ស្ថិតនៅវត្តស្រីទេព ភូមិចារុ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕