(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំ និងអំពាវនាវដល់គ្រប់ម្ចាស់ទីតាំងក្បាលដីនៅក្រុងកែប ចូលមករៀបចំទីតាំងដីរបស់ខ្លួនឲ្យបានស្អាតល្អ ដើម្បីចូលរួមលើកកម្ពស់សោភណ្ឌភាពក្រុងផង និងបង្កើនភាពអ៊ូរអរក្នុងមូលដ្ឋានខេត្តកែបផង។
អភិបាលខេត្តកែប បានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានលោក សៅ សុភាព រដ្ឋលេខាធិការតំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាង សាលាដំបូងខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងនោះលោកអភិបាលខេត្តកែប ក៏បានណែនាំឱ្យមន្ទីរជំនាញ ធ្វើយ៉ាងណាត្រូវសហការជាមួយអាជ្ញាធរក្រុងស្រុក ធ្វើលិខិតជូនដំណឹងដល់ម្ចាស់ក្បាលដីនីមួយៗឲ្យអនុវត្តន៍តាម ស្របពេលដែលរដ្ឋបាលខេត្ត ប្រឹងប្រែងស្ថាបនា ពាក់ព័ន្ធនូវហេដ្ឋារចនាសម្ព័ន្ធនានាបានគ្រប់គ្រាន់។
អភិបាលខេត្តកែប បានបន្តទៀតថា កន្លងទៅអាជ្ញាធរខេត្ត ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល បានខិតខំធ្វើការអភិវឌ្ឍន៍ខេត្តគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ជាដើម។ នៅទូទាំងក្រុងកែប សម្បូរដោយផ្លូវថ្នល់ល្អស្អាត តែមិនសូវមានប្រជាជន មករស់នៅអ៊ូរអរនោះទេ។ ការមិនចូលមករស់នៅ ឬអភិវឌ្ឍន៍ទីតាំងដី ពីសំណាក់ម្ចាស់ដី បានបង្ករភាពរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ជាពិសេសលើសោភ័ណ្ឌភាពក្រុងទាំងមូលតែម្តង។
លោកអភិបាលខេត្ត បានណែនាំប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប សហការជាមួយអភិបាលក្រុងស្រុក ធ្វើលិខិតជូនដំណឹងដល់ម្ចាស់ក្បាលដីនីមួយៗ មកចូលរួមអភិវឌ្ឍន៍ទីតាំងដីរបស់ខ្លួន ជាពិសេសក្បាលដីតាមបណ្តោយផ្លូវជាតិលេខ៣៣អា ចាប់ពីឆ្នេរស្រីស រហូតដល់ខាងលើផែចាស់ និងក្បាលដីតាមបណ្តោយផ្លូវប្របមាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល ដោយសារបណ្តោយនោះ ជាមុខមាត់ខេត្តផងដែរ។
លោកអភិបាលខេត្ត សំណូមពរក្រុមម្ចាស់ទីតាំងក្បាលដីទាំងនោះ ខិតខំចូលមករៀបចំទីតាំងដីរបស់ខ្លួន ឲ្យបានរៀបរយល្អ ឬបង្កើតអាជីវកម្ម ផ្តត់ផ្គង់លើវិស័យទេសចរណ៍ ឬវិស័យដទៃទៀត ស្របជាមួយស្ថានភាពកំណើនអ្នកទេសចរចូលមកលេងកម្សាន្តក្នុងខេត្តកែប បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕