(កំពង់ឆ្នាំង)៖ ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប៊ូ ជុំសេរី អនុរដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង និងប្រិតិភូកីឡាជាច្រើនអ្នកទៀត និងលោក-លោក ស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ តាំងនាមរដ្ឋបាលខេត្ត សូមអបអរសាទរការរត់ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង នាពេលនេះដែលអ្នកពាក់ព័ន្ធ ទាំងអស់បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់រួមគ្នារៀបចំពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមមូលបទ «កីឡាជាតិដើម្បីព្រែកជីក ហ្វូណនតេជោ» ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
អភិបាលខេត្តបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡា មិនមែនគ្រាន់តែជាការប្រកួតតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការព ង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡាដែលបានចូលរួមជាក់ស្តែង ដោយទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្ត ឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតកីឡានានា។
អភិបាលខេត្តបានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានា បង្កើនការយកចិត្តទុក ដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុង ស្រទាប់ប្រជាជន វិស័យអប់រំកាយ និងកីឡាមិនគ្រាន់ ដែលមិនត្រឹមតែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត សីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមាន ការតស៊ូប្រកបដោយភាពអង់អាចក្លាហានអំណត់ព្យាយាម និងចេះយោគយល់គ្នាព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិ ធម៌សុចរិតធម៌។
លោក ប៊ូ ជុំសេរី បានថ្លែងអំណរគុណរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលបានរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ តាងនាមឲ្យក្រសូងអប់រំ យុវជន និងកីឡា សូមវាយតម្លៃខ្ពស់ចំពោះការត់ភ្លើងគប់ ដែលបានផ្តើមចេញដំណើពីខេត្តកែប ខេត្តព្រះសីហនុ ថ្ងៃនេះភ្លើងគប់នេះមកដល់ខេត្តកំពង់ឆ្នាំង ដែលនឹងបន្តទៅខេត្តស្វាយរៀង និងបន្តទៅខេត្តកណ្តាល និងឈានទៅបើកការប្រកួតជាផ្លូវការនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកសូមឲ្យយុវជនយើង ចូលរួមគាំទ្រវិស័យកីឡា ព្រោះកីឡានាំមកនូវសុខភាពល្អ កីឡានាំមកនូវសាមគ្កីភាព មិត្តភាព និងជូនពរគណៈប្រតិភូកីឡាខេត្ត ក្នុងការដឹកនាំកីឡាចូលរួមការប្រកួត សូមឱ្យឲ្យទទួលបានលទ្ធផលល្អផងដែរ៕