(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ហាក់ពុំបានភ្ញាក់ផ្អើល នឹងដំណឹងរបស់តំណាងរាស្រ្តគណបក្សប្រឆាំង ចង់ចូលប្រជុំសភាពេញអង្គឡើងវិញនោះទេ។
(សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន)៖
សម្តេចបានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំអាសូរណាស់សត្វសេក សេកនោះគេថា តឹង តឹងនឹងគេទៅ គេថាធូរៗនឹងគេទៅ គេថាស្រួលៗនឹងគេទៅ តឹងធូតឹងធូ ប៉ុន្តែវានៅតែដដែល អាគេថាតឹង យើងក៏នៅតែប៉ុណ្ណឹង អាគេថាធូយើងក៏នៅតែប៉ុណ្ណឹង អាគេចូលសភាយើងក៏នៅតែប៉ុណ្ណឹង អាគេមិនចូលសភាក៏យើងនៅតែប៉ុណ្ណឹង»។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «សភាពការណ៍នយោបាយនៅស្រុកខ្មែរ វាអត់មានអីទេ វាស្ថិតនៅលើអណ្តាតរបស់អ្នកនិយាយទេ តើអាហ្នឹង ឥឡូវរឿងវាអញ្ចឹង ! អ្នកនិយាយថា តឹងក៏ថាតឹងទៅ អ្នកនិយាយថា ធូរក៏ធូរទៅ ឯសម្រាប់យើងៗកំពុងតែធ្វើស្អីនេះ»។
សូមជំរាបថា នៅថ្ងៃទី០៥ ខែតុលា ម្សិលមិញ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិចក្នុងសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំខាងមុខនេះ។ ការអះអាងរបស់ អ្នកនាំពាក្យគណបក្សប្រឆាំង ដែលមានសមានចិត្តជាមួយអ្នកកាសែតរូបនេះ បានធ្វើឡើងក្រោយពីគណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មការ អចិន្រ្តៃយ៍ពិភាក្សាអំពីករណីចូលសភា។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា សមាជិកសភាគណបក្សសង្រ្គោះជាតិ អាចនឹងចូលរួមកិច្ចប្រជុំសភាពេញអង្គ គឺដើម្បីបង្ហាញជំហរសហការគ្នា និងធ្វើការរួមគ្នា ដើម្បីឈានទៅដល់ការចរចានយោបាយនៅពេលខាងមុខនេះ។
គួរបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាក្នុងការចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕