(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវា ថែទាំសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ទាន់ពេលវេលា ឆាប់រហ័ស ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋយើង ដើម្បីឱ្យស័ក្តសមនឹងពាក្យថា «គ្រូពេទ្យគឺជាកងទ័ពអាវស និងបំពេញភារកិច្ច របស់ទេវតា» ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកសន្និសីទវេជ្ជសាស្រ្តទារក និងកុមារ លើកទី៦ ប្រធានបទ «វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាព នៃការថែទាំព្យាបាលទារក និងកុមារ» (Investing for enhancing and Capacity and quality of Neonatal-Pediatric care) នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «សូមមន្ដ្រីសុខាភិបាលយើងទាំងអស់ ត្រូវបំពេញកិច្ចការប្រកបដោយនវានុវត្ដន៍ និងភាពត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ។ជាពិសេសក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន»។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុសាសន៍គន្លឹះមួយចំនួនដល់អង្គសន្និសីទដោយផ្តោតលើអាទិភាព កាលានុវត្តភាព និងចក្ខុវិស័យ ដូចជា៖
* ត្រូវស្វែងយល់ពីអាទិភាពនិងឱកាសទាំងឡាយ ឱ្យក្លាយជាកាលានុវត្តភាព និងនវានុវត្តន៍ដោយភាពត្រឹមត្រូវ
* គាំទ្រឱ្យមានការរៀបចំ និងពង្រីកផ្នែកសង្រ្គោះបន្ទាន់កុមារ ទារក ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការបញ្ជូន ឬសង្រ្គោះទារក ឱ្យបានទាន់ពេលវេលាដោយត្រូវសហការគ្នា នៅគ្រប់ផ្នែកបច្ចេកទេស នៅតាមមន្ទីរពេទ្យគ្រប់កម្រិត
* ក្នុងនាមក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ព្យាបាលជូនអ្នកជំងឺ ដោយត្រូវប្រើប្រាស់ពាក្យសម្តីទន់ភ្លន់ ឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
* សូមថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្ត រៀបចំរបាយការណ៍ឱ្យបានទៀត ក្នុងការពិនិត្យ និងវាយតម្លៃការផ្តល់សេវារបស់ខ្លួន
* មន្ទីរពេទ្យទាំងឡាយដែលមានផ្នែកទារក កុមារ គឺជាសសរស្តម្ភដ៏សំខាន់ និងសូមបង្កើនការយកចិត្តទុកដាក់ ត្រូវពិនិត្យលើបញ្ហាប្រឈមធនធានមនុស្ស សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត
* ត្រូវមានចក្ខុវិស័យចំពោះមុខ និងវែងឆ្ងាយ ត្រូវបណ្តុះបណ្តាលបន្ថែមផ្នែកជំនាញជួយសង្រ្គោះទារក កុមារ និងផ្នែកសង្គមវេជ្ជសាស្រ្ត ដើម្បីធានាបានកុមារ ទារក កើតមកមានសុខភាពល្អ
* ចំពោះបញ្ហាប្រឈមទាំងឡាយ សូមយកកាលានុវត្តភាព មកជំនួសបញ្ហា។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ អង្គការ KOFIH ដែលបានឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលតាំងពីឆ្នាំ២០១១ ហើយនឹងនៅតែជាដៃគូរសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ ហើយក៏សូមអំពាវនាវឱ្យមានការចូលរួមពីដៃគូរផ្សេងៗទៀត រួមទាំងវិស័យឯកជនផងដែរ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសកម្មវិធីសុខភាពមាតា ទារក និងកុមារ ព្រោះកម្មវិធីនេះជាបង្គោលចរមួយ កំណត់ពីការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព។
សូមជម្រាបថា គោលបំណងនៃសន្និសីទនេះរៀបចំឡើង ក្នុងការបង្ហាញពីឆន្ទៈមុះមុត ការវិនិយោគពេលវេលា ចំណេះដឹង ជំនាញ បទពិសោធន៍ មនសិកាវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ ដែលបញ្ជាក់ពីសមត្ថភាពរបស់មន្ទីរពេទ្យ ទាំងការគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស ដែលក្នុងនាមជាមេដឹកនាំត្រូវចេះកៀងគរធនធាន ប្រើប្រាស់ធនធានដែលមានចំគោលដៅ និងលើកទឹកចិត្តមន្រ្តីគ្រប់ជំនាញទាំងអស់ឲ្យខិតខំប្រឹងប្រែង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការជួយអភិវឌ្ឍអង្គភាពរបស់ខ្លួន៕