(ចឹងចូវ)៖ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន បានឯកភាពរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជានិងចឹងចូវឱ្យបានច្រើនជាងមុន។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី ចាង មីង (Zhang Min) សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការទេសចរណ៍គ្រប់ជ្រុងជ្រោយរវាងក្រសួងទេសចរណ៍កម្ពុជានិងរដ្ឋបាលខេត្តហឺណាននៃប្រទេសចិន និងគម្រោងវិថីសូត្រផ្លូវអាកាសហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN Air Silk Road – HCAR)។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានលើកឡើងពីកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញកម្ពុជា» ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការជំរុញរំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជានិងចឹងចូវឱ្យបានច្រើនជាងមុន៕