(ចឹងចូវ)៖ ក្រោយអនុវត្តបានជិតមួយឆ្នាំ ភាគីកម្ពុជានិងភាគីចិនបានសម្រេចប្រារព្ធរួមគ្នានូវពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន តែយ៉ាងណាភាគីទាំងពីរនឹងដាក់ទិសដៅយុទ្ធសាស្ត្រការងារបន្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
គួរជម្រាបថា កម្ពុជានិងចិនបានរៀបចំរៀបពិធីបើក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ ក្នុងពិធីនេះរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។
រយៈពេលជិតមួយឆ្នាំមកនេះ ភាគីកម្ពុជានិងភាគីចិនបានធ្វើសកម្មភាពជាច្រើនតាមរយៈឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤នេះ។
ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការបក្សក្រុងចឹងចូវ ជួបពិភាក្សាការងារនាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» និងទិសដៅយុទ្ធសាស្ត្រការងារបន្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
លើសពីនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការបក្សក្រុងចឹងចូវ ក៏បានពិភាក្សាអំពីការជំរុញភ្ញៀវទេសចរចិន ការបង្កើនចំនួនជើងហោះហើរត្រង់ និងការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ៕