(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យនាំគ្នាគិតវិជ្ជមានលើរឿងវប្បធម៌ ហើយត្រូវរួមគ្នាពង្រឹង លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌របស់យើង។
ការថ្លែងរបស់របស់សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពីប្រជាជនខ្មែរនាំគ្នាបញ្ចេញមតិ ក្នុងទំព័រហ្វេសប៊ុកមួយ ដែលផ្សព្វផ្សាយពីការប្រណាំងទូកដ៏ប្រណីត រំលេចដោយក្បាច់រចនា និងរៀបចំយ៉ាងអធិកអធម នៅប្រទេសថៃ។ ក្នុងនោះ ក៏មានការបញ្ចេញមតិពាក់ព័ន្ធនឹងការទទួលឥទ្ធិពលវប្បធម៌ពីខ្មែរ តែថៃរៀបចំបានល្អជាងខ្មែរជាដើម។
ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានស្នើកុំឲ្យអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ តែត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុអីបានជាយើងត្រូវមានគំនិតវិជ្ជមាន? ការគិត ផ្នត់គំនិត ជាកត្តាកំណត់នៃសកម្មភាព ធ្វើដូចគ្នាតែមានវិធីសាស្ត្រធ្វើ។ កន្លងទៅ ឧទាហរណ៍ខ្ញុំយករឿងវប្បធម៌ ដែលកន្លងទៅមានប្រជាពលរដ្ឋខ្លះព្រួយបារម្ភ ថារឿងមួយនេះមានគេចង់បាន មានគេចង់បន្លំ យើងបាត់»។
សម្តេចមហាបវរធិបតី បានបន្តថា «អីចឹង យើងឆ្លើយតបយ៉ាងម៉េច? ឆ្លើយតបមានលក្ខណៈ២៖ ឆ្លើយតបនូវជ្រុងអវិជ្ជមានយើងអត់ធ្វើអី ក្រៅពីឡើងមកអង្គុយយំស្រែក ហើយបន្ទោស ថាជនជាតិនោះ ចង់លួចរបស់យើង បន្ទោសគ្នាឯងថា មិនចេះជួយថែ។ សួរថា ទស្សនៈយើងស្រឡាញ់វប្បធម៌យើង យើងចង់លើកតម្កើងត្រូវទេ? ប៉ុន្តែ បើយើងផ្តោតតែលើជ្រុងអវិជ្ជមាន។ បើយើងគិតវិជ្ជមានវិញ ខ្ញុំឃើញបងប្អូនធ្វើបានល្អ។ តាំងពីចូលឆ្នាំនេះយើងធ្វើ។ កុំឈឺក្បាល រឿងគេចង់បាន ឬមិនចង់បាន គិតតែរួមគ្នាលើកតម្កើងវប្បធម៌របស់យើង ធ្វើឲ្យរឹងមាំទៅ អាហ្នឹងគេហៅថា គំនិតវិជ្ជមាន»។
សម្តេចមហាបវរធិបតី ក៏បានបន្ថែមថា បើចង់ប្រកួតប្រជែងជាមួយគេ កុំទៅអង្គុយវាយប្រហារគេ កុំអង្គុយរកចំណុចខ្សោយគេ និងរិះគន់គេ តែមើលខ្លួនឯង និងពង្រឹងខ្លួនឯង។ គំនិតវិជ្ជមាននេះ នាំឲ្យយើងធ្វើសកម្មភាពវិជ្ជមាន។
ចំពោះរឿងវប្បធម៌ សម្តេចមហាបវរធិបតី ក៏ស្នើកុំឲ្យទៅនិយាយថា គេលួចរបស់យើង តែត្រូវនាំគ្នាជំរុញការថតរបស់យើង និងផ្សព្វផ្សាយ ឲ្យបានច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមិនបានចាប់អារម្មណ៍នឹងការវាយប្រហារនោះឡើយ តែសម្តេចយកចិត្តទុកដាក់លើការងារដែលត្រូវធ្វើដើម្បីបានជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕