(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ទៅកាន់យុវជនជំនាន់ក្រោយឲ្យស្គាល់ច្បាស់អំពីតម្លៃនៃ «សុខសន្ដិភាព» និងពាក្យថា «សង្គ្រាម» ដែលសង្គ្រាមនេះមិនរើសមនុស្ស មិនរើសជាតិសាសន៍ និងបំផ្លាញឱកាសមនុស្សជាតិគ្រប់បែបយ៉ាង ហើយសូម្បីតែក្នុងសុបិន្ដក៏ឃើញតែការប៉ះទង្កិចគ្នាដោយសារសង្គ្រាមដែរ។
ក្នុងឱកាសអញ្ជើញអញ្ជើញជាអធិបតី រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដែលមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សង្គ្រាមកាន់តែមិនស្គាល់ឡើងអ្នកស្ម័គ្រចិត្ត ហើយគ្រាប់កាំភ្លើងមិនស្គាល់ឡើយកាកបាទក្រហម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា មានតែ «សន្ដិភាព» មួយគត់ដែលការពារសុបិន្ដអាក្រក់នៃភ្លើងសង្គ្រាម។ «សន្ដិភាព» បានផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយ សម្រេចនូវក្ដីប៉ងប្រាថ្នារបស់ពួកគេ, ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាកំពុងមានសង្គ្រាម យុវជនកាកបាទក្រហម ដែលត្រូវបំពាក់កន្សែងនាឱកាសនេះ គឺជាវ័យដែលកំពុងត្រូវប៉ាន់ដើម្បីកាន់អាវុធធ្វើសង្គ្រាមហើយ។
សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ពិតណាស់ ក្មេងចាស់ ជនជាតិ សង្គ្រាមមិនរើសមុខឡើយ។ ប្រទេសកម្ពុជា យើងមានសន្ដិភាព គ្មានអ្នកស្លាប់ដោយសារសង្គ្រាមនោះទេ។ ប៉ុន្ដែអកុសលយើងមានយុវជនយើងដែលស្លាប់នៅក្រៅប្រទេស ដោយសារសង្គ្រាមនៅតំបន់កាហ្សា [...] សង្គ្រាមមិនស្គាល់មនុស្ស មិនស្គាល់ឱកាស មិនផ្ដល់ឱកាសឲ្យយើងដើម្បីកសាងអនាគត។ សង្គ្រាមមិនស្គាល់អ្នកស្ម័គ្រចិត្ត មិនស្គាល់ពេទ្យ មិនស្គាល់យុវជនកាកបាទក្រហមអឌ្ឍចន្ទក្រហមទេ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានទាញឧទាហរណ៍ជាក់ស្ដែងថា យុវជននៅប្រទេសអ៊ុយក្រែន ក្នុងដំណាក់កាលមិនទាន់មានសង្គ្រាម មានជំនាញសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍន៍ប្រទេស លុះប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមភ្លាម ជំនាញបច្ចេកវិទ្យាដែលធ្លាប់បានសិក្សានោះ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជាដ្រូនវាយប្រហារ បាញ់សម្លាប់មនុស្សនៅភាគីម្ខាងទៀតទៅវិញ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សង្គ្រាមមិនត្រឹមតែសម្លាប់មនុស្សប៉ុណ្ណោះទេ ពោលសង្គ្រាមនៅបន្ដសម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការបន្សល់ទុកនូវគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ។ ប៉ុន្ដែទោះជាយ៉ាងណា តាមរយៈផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងមមាញឹកក្នុងការបោសសម្អាតនូវគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ហើយក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាដោះមីនបានផ្ទៃដីប្រមាណជាង៣ពាន់គីឡូម៉ែត្រការ៉េ។
សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាល បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ កម្ពុជានៅសល់ផ្ទៃដីប្រមាណ១៧០០គីឡូម៉ែត្រការ៉េទៀត កំពុងធ្វើការបោសសម្អាតមីន ខណៈនៅមានប្រជាពលរដ្ឋប្រមាណ១លាននាក់ ដែលកំពុងរស់នៅតំបន់មានហានិភ័យដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ៕