(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ប្អូនយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវរួមគ្នាបណ្តុះបណ្តាលស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌ជាតិ ស្មារតីស្នេហាជាតិ និងជៀសផុតអំពីគំនិតទាំងឡាយណា ដែលមានលក្ខណៈជ្រុលនិយម ដែលអាចឱ្យមានការបែកបាក់នូវសាមគ្គី ឯកភាពជាតិ។
ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យយុវជនទាំងនោះ ត្រូវចេះគិតគូរពិចារណា និងស្រាវជ្រាវឱ្យបានច្បាស់លាស់ មុននឹងជឿលើរឿងអ្វីមួយ ដើម្បីកុំឱ្យធ្លាក់ចូលនូវសម្រេចចិត្តខុស នាំឱ្យបាត់បង់ឯកភាពជាតិ។
ការអំពាវនាវរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញបំពាក់កន្សែង យុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
សម្តេចបវរធិបតីបានថ្លែងដូច្នេះថា «មុននឹងធ្វើសកម្មភាពអ្វី ត្រូវគិតពិចារណា យើងជានិស្សិត ជាបញ្ញាវន្ត ស្រាវជ្រាវឱ្យបានច្បាស់លាស់ ស្មារតីស្នេហាជាតិយើងទាំងអស់គ្នាសុទ្ធតែមាន ក្នុងនាមជាខ្មែរ ហើយដាច់ខាតត្រូវតែមាន ដើម្បីថែរក្សាប្រទេសជាតិយើង សាមគ្គីឯកភាពជាតិ។ ក្នុងសម័យឌីជីថលនេះ ត្រូវពិចារណាទស្សនៈនៃការរួបរួមគ្នា លើប្រធានបទអ្វីមួយ ត្រូវគិតគូរឱ្យបានច្បាស់ ដល់ពេលយើងសម្រេចចិត្តហើយ ការអនុវត្តត្រូវអនុវត្តន៍ឱ្យពេញបេះដូង និងឆន្ទៈ»។
សម្តេចបានណែនាំដល់យុវជនទៀតថា ស្មារតីស្នេហាជាតិ គឺត្រូវមានទាំងអស់គ្នា ជាតិនិយមក៏ត្រូវមានផងដែរ ប៉ុន្តែកុំជាតិនិយមជ្រុល ដែលអាចខ្វះការគិតពិចារណា នាំឱ្យបែកបាក់ជាតិ។
សម្តេចសង្កត់ធ្ងន់ថា «យុវជន គឺជាគន្លឹះនៃការថែរក្សា និងផ្ទុះនៃការបែកបាក់ជាតិ ព្រោះជាកម្លាំងមុតស្រួច ហើយលឿនដែលគេហៅថា ឈាមរាវ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក និងត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
សម្តេចអរគុណដល់អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមជាយុវជនស្ម័គ្រចិត្តកាកបាទក្រហម ដែលជាស្មារតីមួយដ៏ត្រឹមត្រូវ ដើម្បីធ្វើការងារ ដោយចែករំលែកនូវពេលវេលា កម្លាំងកាយចិត្តជួយដល់សង្គមជាតិរបស់យើង។
សម្តេចបវរធិបតី បានស្នើឱ្យយុវជនកាកបាទក្រហម ត្រូវមានផ្នត់គំនិតមួយ ដោយ «កុំសួរថា ខ្ញុំចូលជាយុវជនកាកបាទក្រហម ឱ្យអ្វីខ្ញុំខ្លះ? តែត្រូវសួរថា តើតាមរយៈយន្តការកាកបាទក្រហម ដែលខ្ញុំចូលជាសមាជិក តើខ្ញុំអាចជួយអ្វីខ្លះ ដល់ប្រជាជន ជួយសង្គមជាតិយើង»។ សម្តេចសង្កត់ធ្ងន់ថា បើចូលកាកបាទក្រហម ហើយសួរថាខ្ញុំបានអីសិន? មិនគួរចូលទេ៕