ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសថៃ នឹងមានកំណើនតែ ៣.១ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០១៦
06-10-2016 14:58
(បាងកក)៖ ធនាគារពិភពលោក (WB) បានរំពឹងថាផលិតផលក្នុងស្រុកសរុប ឬ GDP របស់ថៃ នឹងមានកំណើនតែ ៣.១ ភាគរយ ប៉ុណ្ណោះក្នុងឆ្នាំ២០១៦ ដោយសារតែកំណើនវិស័យទេសចរណ៍ និងគោលនយោបាយជម្រុញរបស់រដ្ឋាភិបាល ថៃ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដែលចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចថៃមានកំណើន ២.៥ភាគរយ នៅក្នុងខែមិថុនា។ ចំណែកឯ មន្ត្រីតំណាងធនាគារពិភពលោកប្រចំាប្រទេសថៃ លោក Kiatipong Ariyapratya បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃអាចនឹង នៅតែស្ថិតអាត្រា ៣.១ ភាគរយ នៅឆ្នាំបន្ទាប់ ហើយលោកក៏សង្ឈឹមដែរថា ការវិនិយោគរបស់រដ្ឋាភិបាលនឹង ជួយជម្រុញកំណើនរយៈពេលវែង នៃសេដ្ឋកិច្ចថៃពី ៤ ទៅ ៥ភាគរយ តាមរយៈការចូលរួមចំណែក ពីអាត្រាកំណើននៃតម្រូវការនៅក្នុងវិស័យឯកជន ជាពិសេសគឺ កំណើន ភ្ញៀវទេសចរណ៍ចិនតែម្ដង សម្រាប់ឆមាសដំបូង បើទោះជាកំណើនភ្ញៀវទេសចរណ៍ ហាក់ដូចជាធ្លាក់ចុះ បន្តិចបន្តួច នៅឆមាសបន្ទាប់ក៏ដោយ ក៏វិស័យនំាចេញត្រូវបានគេរំពឹងថា មានកំណើន ០.៩ភាគរយ។
គួររំលឹកថា ធនាគារពិភពលោកធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៧ភាគរយ និង ៦ ភាគរយសម្រាប់វៀតណាម ក្នុងឆ្នាំ២០១៦ នេះដែរ៕