(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកស្រី ពា វិណ្ណរ៉ា កំពុងជួបស្ថានភាពក្រខ្សត់ ត្រូវរាប់រងបន្ទុកច្រើនយ៉ាង ម្យ៉ាងក៏រងគ្រោះដោយសារទឹកលិចបីបួនឆ្នាំជាប់ៗគ្នាផង ដូច្នេះអ្នកស្រីក៏បានអំពាវនាវសូមឱ្យសប្បុរសជនជួយយកអាសា ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅនេះផង។
កំពុងបោកខោអាវឈរត្រាំទឹកជំនន់ អ្នកស្រី ពា វិណ្ណរ៉ា បានថ្លែងថា សព្វថ្ងៃគ្រួសារអ្នកស្រីមានកូន៣នាក់ក្នុងបន្ទុក រាល់ថ្ងៃអ្នកស្រីរកប្រាក់បានបន្ដិចបន្តួចសម្រាប់ដោះស្រាយការហូបចុក ផ្គត់ផ្គង់ការសិក្សារបស់កូនៗដ៏ស្ដួចស្ដើងប៉ុណ្ណោះ។ ទោះបីក្រលំបាក តែអ្នកស្រីស៊ូឱ្យតែបានកូនៗទៅរៀន ទោះខ្លួនឯងអត់លុយខ្សត់ចំណីក៏ដោយ។
អ្នកស្រីបន្តថា ពេលខ្លះមានគេឱ្យម្ហូបចំណី ខោអាវចាស់ៗខ្លះៗ ព្រោះអ្នកស្រុកគេដឹងពីស្ថានភាពក្រខ្សត់របស់អ្នកស្រី គេក៏ជួយចែករំលែកខ្លះៗដែរ តែយ៉ាងណាការរកប្រាក់បានដ៏តិចតួច និងការជួយចែករំលែកពីអ្នកស្រុកអ្នកភូមិ ក៏នៅតែមិនអាចគ្រប់គ្រាន់ប្រចាំថ្ងៃនោះឡើយ។
អ្នកស្រី វិណ្ណរ៉ា បន្ថែមថា រយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ឱ្យតែដល់រដូវវស្សាភ្លៀងធ្លាក់ខ្លាំងទឹកជន់ជោរ គឺតែងមានទឹកជន់លិចនៅជុំវិញជញ្ជាំងផ្ទះអ្នកស្រី ព្រោះផ្ទះអ្នកស្រីនៅជាប់ផ្ទាល់ដីតែម្ដង។ រីឯទិដ្ឋភាពផ្ទះដ៏តោកយ៉ាកនោះទៀត ក៏មើលទៅមានស្នាមធ្លុះធ្លាយ រខេករខាកខ្លាំង ប្រសិនបើមានភ្លៀងធ្លាក់ទៀតសោតក៏ត្រូវទឹកភ្លៀងលិចពីលើដំបូល ជះសាចពីមុខពីក្រោយផង។
អ្នកស្រីបន្តទៀតថា លុះដល់រដូវប្រាំង ការប្រើប្រាស់ទឹកប្រចាំថ្ងៃក៏រឹតតែពិបាក ពេលខ្លះត្រូវទៅឌុបទឹកពីស្ទឹង ឬពីស្រះនៅវត្តអារាម។ គ្មានទាំងបន្ទប់ទឹកប្រើប្រាស់ គ្មានដីស្រែចម្ការធ្វើដូចគេ គឺមានតែដីផ្ទះគ្រាន់ជ្រកកោនប៉ុណ្ណោះ។
នេះមិនទាន់រៀបរាប់អស់សេចក្ដីនៅឡើយទេ តែយ៉ាងណាដោយសារជួបស្ថានភាពទីទាល់ក្របែបនេះហើយ ទើបអ្នកស្រីលើកដៃអំពាវនាវទាំងទឹកភ្នែកស្នើសុំការជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា អង្គការមនុស្សធម៌ ក៏ដូចជាសប្បុរសជនជិតឆ្ងាយសូមជួយយកអាសាជួយដល់គ្រួសារអ្នកស្រីផង ពិសេសដើម្បីបានកូនៗបន្តការសិក្សាទៅថ្ងៃមុខទៀត៕