(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រី សម្តេចបានមិនចាប់អារម្មណ៍នឹងការវាយប្រហារឡើយ តែកិច្ចការដែលសម្តេចនាយករដ្ឋមន្ត្រីត្រូវយកចិត្តទុកដាក់ចាំបាច់នោះ គឺការគិតគូរនិងសកម្មភាពដែលនាំប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចបវរធិបតីបានថ្លែងថា «មានគេថា ឃើញតែអ្នកក្រៅប្រទេសជេរបងឯង! ខ្ញុំថា ខ្ញុំអត់ដែលគិតផង គេជេររឿងរបស់គេ, បើគេងើបពីដេក គេគិតតែទស្សនអវិជ្ជមាន ឱ្យគេក្ដៅចិត្តចុះ តែខ្ញុំគិតថា ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំអាចធ្វើអ្វីខ្លះ ដោះស្រាយបានបញ្ហាអ្វីខ្លះ ដើម្បីបង្កើនផលល្អជូនជាតិនិងមាតុភូមិ? គិតតែធ្វើប៉ុណ្ណឹងទៅបានហើយ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា អ្នកវាយប្រហារសម្ដេច វាយប្រហាររាជរដ្ឋាភិបាលមានមិនតិចទេ មានទាំងអ្នកវាយប្រហារកាកបាទក្រហមទៅទៀត គេរិះគន់ថាស្ថាប័ននេះមិនអព្យាក្រឹតបែបនេះបែបនោះ។ អ្នកថាឱ្យគេថាតែខ្លួនគេចុះ តែយើងអ្នកធ្វើត្រូវគិតត្រូវធ្វើនូវសកម្មភាពរបស់យើង ផ្ដោតទៅលើគោលដៅធំរបស់យើងជាអ្វី ដើម្បីជួយប្រជាជនដែលលំបាក។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសជាតិ និងប្រជាពលរដ្ឋ គឺជាអ្នកដែលប្រមុខរាជរដ្ឋាភិបាលត្រូវចំណាយពេលគិតគូរដល់ពួកគាត់ តើយើងត្រូវដាក់ទិសដៅណាខ្លះដើម្បីជួយពួកគាត់ ពោលគឺមិនមែនចាប់អារម្មណ៍នឹងអ្នកដែលជេរ អ្នកវាយប្រហារនោះឡើយ។

ជាមួយគ្នានោះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តដល់យុវជនកាកបាទក្រហមកម្ពុជា ត្រូវរួមគ្នាគិត រួមគ្នាធ្វើនូវសកម្មភាពដែលជាប្រយោជន៍ចំពោះសង្គមជាតិ និងប្រជាពលរដ្ឋ ត្រូវធ្វើជាគំរូសម្រាប់យុវជនផ្សេងទៀត មិនប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗដែលនាំឱ្យបាត់តម្លៃស្ថាប័នរួមឡើយ៕