(ភ្នំពេញ)៖ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសាររំលែកទុក្ខជូនលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចំពោះមរណភាពរបស់ឧបាសិកា នូ ម៉ាឡា ដែលត្រូវជាម្ដាយបង្កើតរបស់លោក។

គួរជម្រាបថា ឧបាសិកា នូ ម៉ាឡា បានទទួលមរណភាពនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៖១១នាទីយប់ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា មរណភាពរបស់ឧបាសិកា នូ ម៉ាឡា គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីដូនទួតជាទីគោរពស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងធ្លាប់មានស្នាដៃចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតីយ៉ាងថ្លៃថ្លាក្នុងការចូលរួមបម្រើជាតិមាតុភូមិ៕