(ភ្នំពេញ)៖ «កុំបង្កាត់ភ្លើងជម្លោះ និងកុំចាក់សាំងលើភ្លើងជម្លោះ» នេះជាសាររបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានរាជធានីភ្នំពេញ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បានលើកជាយោបល់ថា «ដើម្បីឲ្យខ្មែរ យើងបានសេចក្តីសុខ រស់នៅដោយសុខដុមរមនា និងមានការរីកចម្រើនឋិតថេរ លុះត្រាតែយើង ឈប់យកខ្មែរគ្នាឯងធើ្វជាសត្រូវ ឈប់គុំគួនសងសឹកគ្នា និង កាត់បន្ថយជម្លោះឲ្យបានច្រើនជាទីបំផុត»។
លោក កឹម សុខា បានសរសេរនៅលើ Facebook របស់លោក នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះយ៉ាងដូច្នេះថា «កុំបង្កាត់ភ្លើងជម្លោះ និងកុំចាក់សាំងលើភ្លើងជម្លោះ» ! យើងទាំងអស់គ្នា ត្រូវទទួលស្គាល់ការពិតថា៖
១៖ ខ្មែរយើងនៅតែមានបញ្ហាជាច្រើន ហើយឫសគល់នៃបញ្ហានោះគឺ យើងឈ្លោះគ្នា បែកបាក់គ្នា មិនចេះចប់ ឈ្លោះគ្នាគ្រប់ទិសទី ឈ្លោះមិនចេះខ្មាស់គេ។
២៖ ប្រជាពលរដ្ឋខ្មែរយើង ចង់បានសេចក្តីសុខ ប្រកបដោយយុត្តិធម៌ និងការរីកចម្រើន។
៣៖ កាលណាយើងជាអ្នកដឹកនាំនៅតែបន្តឈ្លោះគ្នា ក្មេងៗជំនាន់ក្រោយនឹងនៅតែបន្ដយកទម្លាប់ឈ្លោះគ្នានេះតទៅទៀត។ ដូច្នេះបើយើងនៅតែបន្ដឈ្លោះ បែកបាក់គ្នា ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងនឹងគ្មានថ្ងៃចៀសផុតពីរណបប្រទេសណាមួយ ឬ ឲ្យផលប្រយោជន៍ទៅប្រទសណាមួយនោះទេ។
ជាយោបល់ខ្ញុំ ដើម្បីឲ្យខ្មែរយើងបានសេចក្តីសុខ រស់នៅដោយសុខដុមរមនា និងមានការរីកចម្រើនឋិតថេរ លុះត្រាតែយើង ឈប់យកខ្មែរគ្នាឯងធើ្វជាសត្រូវ ឈប់គុំគួនសងសឹកគ្នា និងកាត់បន្ថយជម្លោះឲ្យបានច្រើនជាទីបំផុត។
ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានរាជធានីភ្នំពេញ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ៕