(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក្រុមចោរលួយអាគុយឡាន ដែលមិនរើសឡើយ ទោះឡានស៊េរីណាក៏លួចដែរ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅយប់រំលង់អាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ តាមផ្លូវគោកព្រីង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូននេះ ទី១-ឈ្មោះ ជួប សំណាង អាយុ១៨ឆ្នាំ និងឈ្មោះ កែវ រតនៈ អាយុ១៨ឆ្នាំ ហើយជនសង្ស័យបានសារភាពថា ពួកគេគឺជាចោរ មានជំនាញខាងលួចអាគុយរថយន្ដ បើទោះបីរថយន្ដនោះស៊េរីណាក៏ដោយ ឲ្យតែមានឱកាស គឺធ្វើសកម្មភាពភ្លាមៗ។ មន្ដ្រីដដែល បញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងនគរបាលដកហូតបាន ដេកកែឆ្នៃសម្រាប់គាស់ទ្វារថយន្ត ម៉ូតូមូយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់តាមនីតិវិធី៕