(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីជាយុទ្ធសាស្ដ្រ ក្នុងការកាត់បន្ថយដល់ការប៉ះពាល់ សុខភាព របស់ប្រជាពលរដ្ឋ កម្ពុជានឹងបិទប្រភេទថង់ផ្លាស់ស្ទិចមួយចំនួន មិនឲ្យនាំចូលមកទីផ្សារកម្ពុជា ខណៈដែលថង់ផ្លាស់ស្ទីចខ្លះនៅក្នុងស្រុក បានធ្វើការកែច្នៃ៣ ទៅ៤សារមកហើយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់។ការថ្លែងបែបនេះរបស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពិធីស្ដីពី «ការចូលរួមចំណែករបស់វិស័យ សារព័ត៌មាន ដើម្បីលើកកម្ពស់ការការពារ បរិស្ថាននៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ» នៅភោជនីយដ្ឋានទន្លេបាសាក់ទី២។
លោករដ្ឋមន្ដ្រី សាយ សំអាល់ បានបញ្ជាក់ថា «បញ្ហាសំរាមថង់ផ្លាស់ស្ទិចនេះ មិនមែនតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅទូទាំងពិភពលោក ហើយថង់ផ្លាស់ស្ទិចនេះ រាល់ថ្ងៃមានច្រើនជាងត្រីនៅក្នុងទឹកទៅទៀត ប៉ុន្ដែការបិទឲ្យនាំចូលនេះ យើងបិទនូវថង់ផ្លាស់ស្ទឹកណា ដែលបង្កនូវសំណល់ច្រើន តែប៉ុណ្ណោះ»។
លោករដ្ឋមន្ដ្រី បន្ថែមថា ក្រសួងមានការលើកទឹកចិត្តខ្ពស់ ដល់ក្រុមហ៊ុនណាដែលធ្វើការកែច្នៃថង់ផ្លាស់ស្ទិច ជាក់ស្ដែងនៅក្រុងបាវិត មានក្រុមហ៊ុនជប៉ុនមួយ ដែលបានកែច្នៃសំរាមទៅជាតុ ទូរ កៅអី គ្រែ ដែលមានគុណភាពល្អជាងឈើទៅទៀត ហើយមានក្រុមហ៊ុនជប៉ុនមួយទៀត ដែលមានបំណងយកសំរាមទៅធ្វើជាថាមពលអគ្គិសនី។ ជាមួយគ្នានេះដែរ លោក បន្ដថា គោលបំណងនៃការបិទប្រភេទថង់ផ្លាស់ស្ទិចមួយចំនួននេះ គឺដើម្បីរក្សាសោភ័ណ្ឌភាព ទីក្រុង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕