(ភ្នំពេញ)៖ និស្សិតកម្ពុជាមួយក្រុម មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចេញដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន (Washington D.C) សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីចូលរួមមហាសន្និបាត American Student Government Association’s National Student Government Summit រយៈពេលមួយសបា្តហ៍។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សមាគមនិស្សិត (Student’s Government) នៅរបស់សាកលវិទ្យាល័យ AUPP ដែលជាសមាគមនិស្សិតតែមួយគត់ នៅកម្ពុជា និងក្នុងតំបន់ ត្រូវបានអញ្ជើញឲ្យទៅចូលរួមមហាសន្និបាតខាងលើ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលនិងពិភាក្សា លើប្រធានបទផ្សេងៗចំនួនជាង១០០ ជាមួយវាគ្មិន និង និស្សិតតំណាងសមាគមនិស្សិតនៅសហរដ្ឋអាមេរិក ដែលសរុប ទាំងអស់មានចំនួនជាង៦០០នាក់។
មហាសន្និបាតរយៈពេល ១សប្តាហ៍របស់សមាគមនិស្សិតដ៏មានសារសំខាន់នេះ អនុញ្ញាតឲ្យនិស្សិតខ្មែរដែលចូលរួម ទទួលបានឱកាសចែករំលែកបទពិសោធន៍ជោគជ័យ និងចំណេះដឹងសំខាន់ៗក្នុងការអភិវឌ្ឍសមាគមនិស្សិត នៅ AUPP ពេលបច្ចុប្បន្ន និងទៅអនាគត។ លើសពីនេះ ពួកគេនឹងមានឱកាសទៅទស្សនាតំបន់ទេសចរណ៍ជាតិល្បីៗជាច្រើនក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន រួមមានសេតវិមានប្រធានាធិបតី បណ្ណាល័យជាតិ សារមន្ទីរជាតិស្មីតសូនីន មជ្ឈមណ្ឌលពាណិជ្ជកម្មជាតិ រូបសំណាកប្រធា នាធិបតីលីនខុន និងតំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែងទៀត។
AUPP ជាសាកលវិទ្យាល័យអាមេរិកាំងតែមួយគត់ក្នងតំបន់ ដែលបានសហការជាមួយសាកលវិទ្យាល័យធំៗចំនួនពីរ នៅ សហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) លើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ដែលបន្ទាប់ពីការបញ្ចប់ការ សិក្សាដោយជោគជ័យ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយ គឺសាកលវិទ្យាល័យអារីហ្សូណា ឬ សាកលវិទ្យាល័យរដ្ឋហ្វតហេយ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់ www.aupp.edu.kh៕