(ភ្នំពេញ)៖ ស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ កំពុងស្ថិតក្នុងរបត់នៃការជួយត្រួសត្រាយដើម្បីជំរុញជីវភាពរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ស្រុកអន្លង់វែង ដែលមានពលរដ្ឋប្រមាណ៥ម៉ឺន៧ពាន់នាក់ រស់នៅ បានជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតរោងចក្រ និងការជំរុញវិស័យទេសចរណ៍ ដើម្បីការប្រែក្លាយក្រុងដែលធ្លាប់មានសង្គ្រាមពីអតីតកាល ក្លាយជាក្រុងនៃការទាក់ទាញពីទេសចរជាតិ និងអន្តរជាតិ។ ស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ កំពុងស្ថិតក្នុងរបត់នៃការជួយត្រួសត្រាយ ដើម្បីជំរុញជីវភាពរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ស្រុកអន្លង់វែង នៃអតីតទីតាំងដ៏ធំបំផុតរបស់បណ្តាមេដឹកនាំខ្មែរក្រហម ទើបនឹងមានសន្តិភាពពិតប្រាកដក្រោយការធ្វើសមាហរណកម្មនាចុងឆ្នាំ១៩៩៨នោះទេ។ ក្នុងអតីតកាលសង្គ្រាមស៊ីវិល ស្ថានភាពរស់នៅរបស់ពលរដ្ឋមានការជួបលំបាកខ្លាំង ដោយសារតែការរត់គេចចេញពីកន្លែងវាយប្រហារគ្នា ការធ្វើដំណាំកសិកម្ម មិនបានប្រព្រឹត្តដោយទៀងទាត់ ការរៀនសូត្រដើម្បីបំពាក់ចំណេះដឹងដល់យុវជនជាទំពាំងស្នងឫស្សី មានសភាពតិចតួច រីឯធនធានធម្មជាតិដូចជាព្រៃឈើជាដើម បានរងនឹងការបំផ្លាញដោយសង្គ្រាម និងពលរដ្ឋជាច្រើន បានធ្វើចំណាកស្រុក និងខ្លះបានបាត់បង់ជីវិតនិងរងគ្រោះដោយសារតែសង្គ្រាមវាយប្រហាររវាងខ្មែរនិងខ្មែរ ពីអតីតកាលនោះ។
បើគ្មានការដាក់ចេញទាន់ពេលវេលា នូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិបានអស់ សង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះទេ ម្ល៉េះស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ មិនដឹងក្លាយជាយ៉ាងណាឡើយ។ ប៉ុន្តែពលរដ្ឋមិនអស់សង្ឃឹមទេ ក្រោមការដឹកនាំរបស់រាជ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសចក្ខុវិស័យនៃការធ្វើឱ្យប្រទេសជាតិក្លាយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។
ស្រុកអន្លង់វែង ដែលមានពលរដ្ឋប្រមាណ៥ម៉ឺន៧ពាន់នាក់រស់នៅនាពេលនេះ បានជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតរោងចក្រនិងការជំរុញវិស័យទេសចរណ៍ ដើម្បីការប្រែក្លាយក្រុង ដែលធ្លាប់មានសង្គ្រាមពីអតីតកាលក្លាយជាក្រុងនៃការទាក់ទាញពីទេសចរជាតិ និងអន្តរជាតិ។
ស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ទម្រាំបានក្លាយជាស្រុកដែលមានសន្តិភាព និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អដូចបច្ចុប្បន្ន បានរងពលិកម្មនូវជីវិតមនុស្សជាច្រើនដោយសារតែសង្គ្រាមពីអតីតកាល។ អតីតតំបន់ដែលខ្ទេចខ្ទាំដោយសារតែសង្គ្រាមអស់ទៅហើយនោះ ត្រូវបានកែប្រែមុខមាត់ ឱ្យក្លាយជាតំបន់ ធ្វើឱ្យគេចង់ដឹងនិងចង់ស្គាល់ទៅវិញ ក្នុងនោះសូម្បីតែផ្នូរ ឬអតីតផ្ទះរបស់មេដឹកនាំខ្មែរក្រហម នៅក្នុងអន្លង់វែងនោះ ក៏ត្រូវបានរៀបចំឱ្យក្លាយជាកន្លែងរៀបចំរមណីយ៍ដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រថែមទៀត។ ប៉ុន្តែដោយសារការរៀបចំមិនទាន់មានលក្ខណៈត្រឹមត្រូវតាមស្តង់ដាល្អ ពលរដ្ឋរស់នៅទីនោះ បានស្នើដល់រាជរដ្ឋាភិបាល ជួយបង្កើនការរៀបចំឱ្យកាន់តែល្អប្រសើរ។
លោកស្រី ឌឹម ណាឃែ័រ ដែលរស់នៅក្នុងស្រុកអន្លង់វែង បានប្រាប់ Fresh Exclusive យ៉ាងនេះ៖
«អ្វីដែលខ្ញុំចង់បានពីរដ្ឋាភិបាល គឺខ្ញុំចង់ឱ្យជួយសាងសង់ផ្លូវ រៀបចំវិស័យទេសចរណ៍នៅក្នុងស្រុក និងខេត្តឧត្តរមានជ័យទាំងមូល និងជួយផ្សព្វផ្សាយផង ជាពិសេសអ្វីដែលខ្ញុំចង់បានបំផុត គឺទីណាមានតំបន់ទេសចរណ៍ សូមឱ្យមានផ្លូវស្អាតទៅដល់ទីហ្នឹង។ ផ្លូវស្រួល គឺប្រជាជនពីខេត្តឆ្ងាយៗ គាត់ចង់មកលេងកំសាន្តហើយ។ អញ្ចឹងធ្វើឱ្យមានចំណូលដល់ក្នុងស្រុកមានចរន្តទៅមក។ អញ្ចឹងអ្នកនៅក្នុងស្រុកក៏រកលុយបាន គាត់អាចលក់ដូរប្រកបអាជីវកម្មបាន ហើយជួយអភិវឌ្ឍន៏ ជាពិសេសអ្វីដែលខ្ញុំចង់បាន គឺ ផ្លូវ មន្ទីរពេទ្យ។
ផ្លូវគឺមានហើយរាល់ថ្ងៃ ប៉ុន្តែគ្រាន់តែពាក់ព័ន្ធជាមួយនឹងតំបន់ទេសចរណ៍ គឺអត់ទាន់មានផ្លូវស្អាត នៅចំណុចខ្វះខាតរឿងទេសចរណ៍ ព្រោះស្រុកអន្លង់វែងមួយហ្នឹង គឺបឹងតាម៉ុក ខ្ញុំចង់ឱ្យអភិវឌ្ឍបឹងតាម៉ុក និងផ្ទះតាម៉ុក ឱ្យខ្លាំងជាងនេះបន្តិច ដើម្បីឱ្យប្រជាជននៅក្នុងស្រុកផ្សេងៗទៀត គាត់បានមកលេងកំសាន្ត។ ហើយគាត់ដឹងថាស្រុកអន្លង់វែង មិនមែនត្រឹមតែជាតំបន់សង្រ្គាមទេ គឺមានតំបន់ទេសចរណ៍ដែរ យើងអាចមកគយគន់ លំហែរខួរក្បាលបន្ទាប់ពីធ្វើការងារហត់ ឬរកស៊ី។ លោកអាចនាំគ្រួសារមកលេងកំសាន្តនៅក្នុងស្រុកអន្លង់វែងបាន។
កុំឱ្យតែឭឈ្មោះថាស្រុកអន្លង់វែង គឺជាតំបន់ខ្មែរក្រហម តំបន់ដែលមានការកាប់សម្លាប់ អត់មានអ្វីសោះ តាមពិតទៅអន្លង់វែង មានបឹងតាម៉ុក ផ្ទះតាម៉ុក មានកន្លែងរមណីយដ្ឋានផ្សេងៗជាច្រើន។ អញ្ចឹងទើបខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយអភិវឌ្ឍតំបន់ទាំងនោះ ដើម្បីឱ្យប្រជាជននៅក្នុងស្រុកគាត់មានចំណូល ហើយមានគេស្គាល់នៅក្នុងស្រុកច្រើន ដើម្បីឱ្យទេសចរណ៌ក្នុងស្រុកគាត់មកលេងបានច្រើនប្រជាជននៅក្នុងស្រុក ក៏មានជីវភាពធូរធារទៅតាមនឹង»។
នៅក្នុងតំបន់អន្លង់វែងនោះ រមណីយ៍ទេសចរណ៍ប្រវត្តិសាស្ត្រមិនមែនមានតែត្រឹមនៅផ្ទះ និងបឹងតាម៉ុកប៉ុណ្ណោះទេ, ទីតាំងដុតខ្មោច ប៉ុល ពត, ទីតាំងកាត់ទោស ប៉ុល ពត, បណ្តាផ្ទះមេដឹកនាំកំពូលរបស់ខ្មែរក្រហមដូចជាផ្ទះ ប៉ុល ពត នៅលើភ្នំដងរែក, កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០, ផ្ទះ ខៀវ សំផន, កន្លែងដុតខ្មោច សុន សេន, ទីតាំងបញ្ជាការដ្ឋានរបស់មេដឹកនាំខ្មែរក្រហម និងកន្លែងមួយចំនួនទៀត ដែលសរុបមានយ៉ាងហោចចំនួន១៤កន្លែង។
រមណីយ៍ដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនោះ គឺជាតឹកតាងដ៏ច្បាស់លាស់បញ្ជាក់ជាប្រវត្តិសាស្ត្រថា បើគ្មានការដាក់ចេញនូវយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ នោះទេ សំបុកខ្មែរក្រហម ដ៏ធំនៅអន្លង់វែងនេះ ក៏មិនអាចរលាយបានដែរ ហើយម្ល៉េះកម្ពុជា មិនដឹងជាមានវាសនាយ៉ាងណាឡើយរហូតមកទល់នឹងបច្ចុប្បន្ននេះ។
ប៉ុន្តែគឺដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះហើយក្រុមចលនាប្រដាប់អាវុធខ្មែរក្រហម ដែលសូម្បីតែកងទ័ពវៀតណាមមិនអាចកំទេចបាន។ បេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ ដែលដាក់ពង្រាយកងកម្លាំងមួកខៀវជាង ១ម៉ឺននាក់ និងចំណាយថវិកា២ពាន់លានដុល្លារថែមទៀត នៅតែមិនអាចបំបាត់បាននោះ គឺមានតែយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នេះតែប៉ុណ្ណោះ បានធ្វើឱ្យចលនាប្រដាប់អាវុធនេះ បានរលាយអស់ទាំងស្រុង និងទឹកដីអបគមន៍នានាទាំងអស់នៅទូទាំងប្រទេសបានក្លាយជាទឹកដីឯកភាពជាតិទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាល បានបន្តការប្តេជ្ញាចិត្តជួយអភិវឌ្ឍន៍ស្រុកអន្លង់វែង នៃអតីតតំបន់ខ្មែរក្រហមនេះ ដើម្បីឱ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរ។ ផ្នែកមួយទៀត ដែលពលរដ្ឋក្នុងស្រុកអន្លង់វែង ចង់បាន គឺការបង្កើតរោងចក្រដើម្បីកាត់បន្ថយចំណាកស្រុក។
លោកស្រី ឌឹម ណាឃែ័រ បានប្រាប់ Fresh Exclusive នូវអ្វីដែលពលរដ្ឋក្នុងអន្លង់វែងចង់បាន ដើម្បីកាត់បន្ថយចំណាកស្រុក៖
«មានករណីចំណាកស្រុក ដោយសារតែករណីចំណាកស្រុកនោះ គឺគាត់អត់មានការងារធ្វើទេ។ អញ្ចឹងគាត់ទៅធ្វើការនៅថៃ។ បើសិនជាស្រុកអន្លង់វែង រដ្ឋាភិបាលអាចមានអ្នកវិនិយោគទុន ឱ្យមកធ្វើដូចជា រោងចក្រ សហគ្រាសផ្សេងៗ នៅក្នុងស្រុកបាន គឺកាន់តែល្អ ដើម្បីឱ្យប្រជាជននៅក្នុងស្រុក កូនអ្នកស្រុកភូមិគាត់ មានការងារធ្វើគាត់អាចធ្វើជាកម្មករនៅក្នុងរោងចក្រ ហើយគាត់មានចំណូល។ អញ្ចឹងហើយគាត់អត់ចាកឆ្ងាយពីស្រុកទេ គាត់មិនត្រូវចំណាកស្រុកទៅថៃទេ អញ្ចឹងធ្វើឱ្យប្រជាជននៅក្នុងស្រុក គាត់មានជីវភាពធូរធារ ពីព្រោះគាត់អត់មានត្រូវការចំណាយអ្វីដើម្បីទៅឆ្ងាយស្រុក ហើយមិនចាំបាច់បែកបាក់គ្រួសារគាត់ទេ។ អញ្ចឹងរដ្ឋាភិបាល គួរតែគិតគូរចំណុចហ្នឹងអាចដូចជាខ្ញុំនិយាយពីដើម បើមានរោងចក្រ គឺកាន់តែល្អជួយឱ្យប្រជាជនមានការងារធ្វើ។ អញ្ចឹងបើអាចមានរោងចក្រ គឺល្អមែនទែនសម្រាប់ពួកគាត់ ឱ្យមានរោងចក្រ ឬសហគ្រាស ឬក៏អ្វីក៏បានដែរថាអាចជួយផ្តល់ការងារដល់ប្រជាជនបានដូចជាខាងវិស័យទេសចរណ៍ ហើយខាងរោងចក្រនេះឯង និងខាងកសិកម្ម»។
ក្នុងដំណើរតាមរថយន្តលើចម្ងាយផ្លូវជាង១,៥០០គីឡូម៉ែត្រ រយៈពេល៥យប់៦ថ្ងៃ ឆ្លងកាត់អតីតតំបន់ខ្មែរក្រហមនាភាគឧត្តរ និងភាគពាយព្យនៃប្រទេសកម្ពុជា គេបានកត់សម្គាល់ឃើញថា ស្រុកអន្លង់វែង ដែលមានស្ថិតិពលរដ្ឋចំនួន៥៧,០០០នាក់ បានប្រឈមនឹងករណីចំណាកស្រុក ដោយពលរដ្ឋខ្លះ បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីអាចមានកិច្ចការប្រកបមុខរបរ។
លោកសៀង សុខហេង ពលរដ្ឋរស់នៅក្នុងអន្លង់វែង បានថ្លែងប្រាប់ Fresh Exclusive ដូចគ្នានូវអ្វីដែលពលរដ្ឋចង់ឱ្យរាជរដ្ឋាភិបាលជួយបង្កើតឱ្យមាននៅក្នុងស្រុកអន្លង់វែងនេះ៖
សំណួរ៖ ខ្ញុំឃើញថាប្រជាពលរដ្ឋ ហាក់ដូចជាមានភាពស្ងាត់ជ្រងំផងដែរនៅអន្លង់វែងនេះ។ តាមការសាកសួរថា មានពលរដ្ឋយើងទៅធ្វើការនៅឯប្រទេសថៃ?
ចម្លើយ៖ នៅតំបន់នេះ គឺប្រជាពលរដ្ឋគាត់ច្រើនទៅប្រទេសថៃ ដោយសារនៅតំបន់នេះ បញ្ហាទី១ គឺគាត់ធ្វើការងារខ្វះលុយ ខ្វះកាក់សម្រាប់សងធនាគារ ឬអ្វីផ្សេងៗទៀត។ ដូចនេះគាត់ទៅប្រទេសថៃ ដើម្បីរកលុយសងធនាគារ។ ហើយបើសិនជារដ្ឋាភិបាល ថ្នាក់លើដើម្បីឲ្យខាងក្រុមហ៊ុនណាមួយធ្វើជាកន្លែងរោងចក្រ ដូចថារោងចក្រអ្វីក៏ដោយ ឱ្យតែដើម្បីប្រជាពលរដ្ឋបានរស់នៅហើយ មកបម្រើការងារដើម្បីកុំឱ្យចំណាកស្រុក។
សំណួរ៖ បច្ចុប្បន្នតើមិនទាន់មានរោងចក្រទេនៅទីនេះ?
ចម្លើយ៖ នៅទេបង មិនទាន់មានទេ។
សំណួរ៖ តើប្រជាជនអាចរស់នៅបាន គឺអាស្រ័យលើអ្វីទៅបច្ចុប្បន្ននេះ?
ចម្លើយ៖ គាត់រស់នៅ គឺដោយសារគាត់ធ្វើស្រែ ដាំដំឡូងបន្តិចបន្តួចរបស់គាត់នៅតាមមូលដ្ឋានភូមិ ឃុំ របស់គាត់។
សំណួរ៖ ដូច្នេះបើតាមសំណើរបស់ប្រជាពលរដ្ឋ គឺថាបើសិនជាមានរោងចក្រ ភាពចំណាកស្រុករបស់ប្រជាពលរដ្ឋយើងទៅកាន់ប្រទេសថៃ ក៏គ្មានដែរ?
ចម្លើយ៖ បាទក៏មិនមានដែរ។
សំណួរ៖ នៅក្នុងតំបន់អន្លង់វែងនេះ មានអ្វីជាធនធានគួរឱ្យចាប់អារម្មណ៍ដែរឬទេ?
ចម្លើយ៖ នៅស្រុកអន្លង់វែង បើនិយាយធនធានមនុស្ស ក៏ច្រើនដែរ ប៉ុន្តែដោយសារយើងអាស្រ័យផលនោះ គឺពិបាក។
សំណួរ៖ ឧបមាថា នៅប៉ៃលិន គេមានរ៉ែត្បួង នៅខេត្តរតនគីរី មណ្ឌលគីរី គេមានរ៉ែមាស ចុះតើនៅក្នុងអន្លង់វែងមានរ៉ែអ្វីដែរ?
ចម្លើយ៖ សុ្រកអន្លង់វែងយើងនេះ គឺអត់មានរ៉ែទេ ធនធានក្រោមដីអត់មានទេ មានតែធ្វើស្រែ ធ្វើចំការ ដាំដំឡូង ជាដើម ដើម្បីបង្កបង្កើនផលទៅតាមរដួវ។
អន្លង់វែង គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងបួន និងក្រុងសំរោង របស់ខេត្តឧត្តរមានជ័យ។ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា ដែលទើបបានផ្លាស់មកគ្រប់គ្រងខេត្តនេះ ទើបបានប្រមាណ៤ខែ បានថ្លែងថាលោកបានឃើញនូវបញ្ហាប្រឈមខ្លះ ដែលលោកប្តេជ្ញាថានឹងជួយខេត្តឧត្តរមានជ័យ ដើម្បីឱ្យពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
ឯកឧត្តម មាន ចាន់យ៉ាដា បានប្រាប់ Fresh Exclusive ថា តាមពិតខេត្តឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់ជាមួយនឹងព្រំដែនប្រទេសថៃប្រវែង២២៤គីឡូម៉ែត្រ គឺជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម ដោយសារតែខេត្តនេះ មានច្រកទ្វារអន្តរជាតិចំនួន៣ ដែលកំពុងបើកឲ្យដំណើរការ គឺច្រកអន្តរជាតិអូរស្មាច់ ច្រកអន្តជាតិជាំ និងច្រកជប់គគីរ។
លោកបានប្តេជ្ញាថា នឹងជំរុញសក្តានុពលលើវិស័យធំទាំងបីនេះ ដើម្បីជំរុញជីវភាពពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ឱ្យកាន់តែល្អប្រសើរ៖
«ចំពោះសំណើបងប្អូនប្រជាពលរដ្ឋនេះ ក៏បានដើរស្របជាមួយនឹងតម្រូវការហើយ និងស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍខេត្តរបស់យើង ពីព្រោះយើងឃើញថាខេត្តរបស់យើង បើសិនជាយើងពិនិត្យមើលអំពីស្ថានភាព GDP របស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២២ គឺក្នុងប្រជាពលរដ្ឋម្នាក់សម្រាប់ក្នុងខេត្តឧត្តរមានជ័យ របស់យើង គឺមានចំណូលរង្វង់ ៩៤៧ដុល្លារ ហើយប្រសិនបើយើងប្រៀបធៀបទូទាំងប្រទេស គឺថាយើងមានចំណូលទាបជាងគេ។ ហើយបញ្ហាប្រឈមទី២ គឺយើងមានចំណាកស្រុកខ្ពស់ រហូតដល់ក្នុងរង្វង់ ១ម៉ឺន៨ពាន់នាក់ សម្រាប់លើប្រជាពលរដ្ឋ ២៧ម៉ឺននាក់។
ការធ្វើចំណាកស្រុករបស់យើងខ្ពស់ អញ្ចឹងជារឿងមួយដែលសមស្របណាស់ដែលក្នុងនាមរដ្ឋបាលខេត្ត គឺយើងមានចក្ខុវិស័យ ៣សំខាន់សម្រាប់ធ្វើការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺទី១ យើងផ្តោតទៅលើវិស័យកសិកម្ម៖ វិស័យកសិកម្មគឺយើងនឹងរុញ ដែលហៅថាលទ្ធភាពនៃការផលិតរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានខ្ពស់ ជារួមដូចដីកសិកម្មធ្វើស្រែ ដែលភាគច្រើនយើងធ្វើវិធីស្រូវពង្រួស ដែលទិន្នផលគឺបាននៅក្នុងរង្វង់២តោនកន្លះ។
អញ្ចឹងជាទស្សនៈរបស់យើង ដែលយើងត្រូវរុញយ៉ាងម៉េចឱ្យប្រជាពលរដ្ឋធ្វើបាន៣រដូវកាល ហើយនៅក្នុងនេះ ពី៦តោន ទៅ៨តោន ដោយយើងត្រូវប្រើបច្ចេកវិទ្យា ហើយបញ្ហានេះ រដ្ឋបាលខេត្តក៏បានមានទស្សនៈវិស័យនៅក្នុងការធ្វើការជាមួយនឹងដៃគូវិនិយោគ ហើយជាពិសេសជាមួយនឹងធនាគារអភិវឌ្ឍន៍ជនបទ នៅក្នុងការនាំនូវបច្ចេកវិទ្យាថ្មី ក៏ដូចជាពូជឱ្យសមស្របជាមួយនឹងប្រភេទដី ដើម្បីធ្វើយ៉ាងម៉េច រុញផលិតភាពនៃការផលិតរបស់ប្រជាជនឲ្យមានការកើនឡើង។
ហើយទី២ ដែលទាក់ទងទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ឧបមាថារោងចក្រ រោងដំឡូងមី គឺយើងមានសក្តានុពលក្នុងការដាំដំឡូងមីបានច្រើន ប៉ុន្តែនៅពេលដែលយើងដាំហើយ បងប្អូនប្រជាពលរដ្ឋយើង ប្រមូលផលហើយគាត់យកទៅលក់នៅប្រទេសជិតខាង។ អញ្ចឹងបើយើងមានរោងចក្រកែច្នៃទីតាំងដែលនៅខេត្តឧត្តរមានជ័យ គឺជាផ្តល់នូវឱកាសខ្ពស់ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងលក់ផលិតផលដំឡូងមីរបស់គាត់បាននូវក្នុងតម្លៃខ្ពស់ វានឹងជួយរត់វិញ ដែលហៅថាជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង នេះគឺទីមួយរឿងកសិកម្ម។
ទី២ ទស្សនៈវិស័យរបស់យើងគឺយើងត្រូវរុញនូវវិស័យទេសចរណ៍ ដោយដើរស្របជាមួយការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានណែនាំឱ្យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៅក្នុងការធ្វើរបៀងទេសចរណ៍ កញ្ចប់ទេសចរណ៍មួយ ដើម្បីយើងរុញទេសចរណ៍នៅក្នុងស្រុក និងទេសចរណ៍អន្តរជាតិ។
ដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យរបស់យើង គឺយើងផ្តោតទៅលើទេសចរណ៍ក្នុងស្រុកគឺមាន២៖ ទី១ ទេសចរណ៍សហគមន៍ ឬក៏អាចហៅថាអេកូទេសចរណ៍ ហើយនិងទី២ ទេសចរណ៍ប្រវត្តិសាស្រ្ត ពីព្រោះខេត្តរបស់យើង មានទីតាំងរៀងឆ្ងាយនៅជាប់ព្រំដែន តែយើងក៏មានសក្តានុពលខ្ពស់នៅក្នុងការទាក់ទាញទេសចរណ៍នៅក្នុងស្រុកឲ្យមកធ្វើការកម្សាន្ត ហើយយើងកំពុងធ្វើការបង្កើតនូវក្រុមការងារអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តរបស់យើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងស្រុកឱ្យបានច្រើន។
ហើយផ្នែកទី៣ ដែលយើងត្រូវរុញ គឺផ្នែកពាណិជ្ជកម្ម ដូចខ្ញុំបាទបានជម្រាបពីខាងដើមអញ្ចឹង គឺយើងមានច្រកអន្តរជាតិ៣ ដែលយើងត្រូវធ្វើការអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយយើងរុញផ្នែកពាណិជ្ជកម្មនេះ ឱ្យបានខ្លាំងតាមរយៈការចាប់ដៃគូ ធ្វើជាតំបន់សេដ្ឋកិច្ចពិសេសនៅជាប់តំបន់ព្រំដែន ឬជាក៏ជាផែស្ងួតការដឹកជញ្ជូនឥវ៉ាន់ពីតំបន់ព្រំដែនទៅផ្តត់ផ្គង់ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស ហើយនេះគឺជាសក្តានុពលមួយរបស់យើង»។
ក្រុងអន្លង់វែងនាបច្ចុប្បន្ន គឺបានខុសគ្នាទាំងស្រុងពីអន្លង់វែង នៃអតីតសម័យសង្គ្រាម។ ក្រុងអន្លង់វែង បច្ចុប្បន្ន លែងឮស្នូរគ្រាប់កាំភ្លើងដូចមុនទៀតហើយ អន្លង់វែងបច្ចុប្បន្នមានផ្លូវថ្នល់ ចាក់ក្រាលកៅស៊ូ, មានផ្លូវបេតុងខ្វែងខ្វាត់ បើទោះបីជាមិនទាន់ក្លាយជាក្រុងអភិវឌ្ឍន៍ដូចតាមកន្លែងដទៃឡើយ ប៉ុន្តែអ្វីដែលក្រុងអន្លង់វែង មាននិងជាក្តីសង្ឃឹមនៃការនាំឱ្យស្រុករបស់ខ្លួន និងប្រជាជនក្នុងស្រុក កាន់តែឈានដល់ភាពកាន់សម្បូរសប្បាយរុងរឿងនោះគឺសន្តិភាព ពីព្រោះមានសន្តិភាព ទើបស្រុកទេស អាចបោះជំហានទៅរកការអភិវឌ្ឍ និងសុភមង្គលបានយ៉ាងល្អប្រសើរ៕