(សេអ៊ូល)៖ ស្មាតហ្វូន Galaxy Note 7 ដែលជាម៉ូដែលថ្មី និងទំនើបបំផុត របស់ក្រុមហ៊ុនអេឡិចត្រូនិច យក្ស Samsung ត្រូវបានគេចាត់ថ្នាក់ថា ជាទូរស័ព្ទដៃកំពូលលេខ១ ដែលមានកម្រិតរលកវិទ្យុសកម្ម អេឡិចត្រូម៉ាញេទិច ទាបជាងគេបង្អស់នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។
ការស្ទង់មតិរបស់គេហទំព័រស្តីពីបច្ចេកវិទ្យា CNET របស់ប្រទេសបារាំង បានបង្ហាញថា SAR (កម្រិតនៃការស្រូបរលកសញ្ញាវិទ្យុសកម្មរបស់ទូរស័ព្ទដៃ) នៃស្មាតហ្វូន Galaxy Note 7 មានត្រឹមតែ ០.២៤៩វ៉ាត់/គីឡូក្រាមប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា ទូស័ព្ទដៃណា ដែលមានកម្រិតនេះកាន់តែទាប មានន័យថាទូរស័ព្ទដៃនោះកាន់តែមានសុវត្ថិភាព។
គួរបញ្ជាក់ថា ទូរស័ព្ទដៃ Galaxy របស់ក្រុមហ៊ុន Samsung បានវ៉ាដាច់ទូរស័ព្ទដៃដទៃៗទៀត នៅក្នុងបញ្ជីទាំង ១០នៃទូស័ព្ទដៃដែលមានកម្រិតរលកវិទ្យុសកម្មទាបជាងគេ ដោយចំណាត់ថ្នាក់ លេខ២ បានទៅ Galaxy S7 Edge ជាមួយនឹងកម្រិត SAR ០.២៦៤វ៉ាត់/គីឡូក្រាម, ចំណាត់ថ្នាក់លេខ៣ បានទៅ Galaxy A5 ជាមួយនឹងកម្រិត SAR ០.២៩វ៉ាត់/គីឡូក្រាម, និងចំណាត់ថ្នាក់លេខ៤ បានទៅ Galaxy S6 ជាមួយនឹងកម្រិត SAR ០.៣០៦វ៉ាត់/គីឡូក្រាម។
ចំណែកឯចំណាត់ថ្នាក់លេខ១ សម្រាប់ទូរស័ព្ទដៃដែលមាន ជាតិរលកវិទ្យុសកម្មខ្ពស់ជាងគេ បានទៅលើទូស័ព្ទដៃរបស់ក្រុមហ៊ុនចិន ជាមួយកម្រិត ១.៥វ៉ាត់/គីឡូក្រាម ខណៈដោយឡែក ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ បានទៅលើ iPhone 7 ជាមួយកម្រិត ១.៣៨វ៉ាត់/គីឡូក្រាម និង iPhone 7 Plus ជាមួយកម្រិត ១.២៤វ៉ាត់/គីឡូក្រាម) របស់ក្រុមហ៊ុន Apple៕