(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើន នៅចំណុចអូរស្វាយ ភូមិស្មាច់ដែង ឃុំរាម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាជួបជុំធ្វើការតវ៉ា នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ប្រឆាំងនឹងបុគ្គលម្នាក់ឈ្មោះ គឹមអាន នាគថា ដែលអះអាងថា ខ្លួនជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ពីបទបោកប្រាស់យក លុយប្រជាពលរដ្ឋច្រើន ម៉ឺនដុល្លារ។
យោងតាមពាក្យបណ្តឹងរបស់តំណាងម្ចាស់ដី បុគ្គលដែលអះអាងថា ជាមន្ត្រីបម្រើការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី មានឈ្មោះថា គឹមអាន នាគថា ដែលសន្យា «ជួយរត់ការធ្វើប្លង់ដី…» ជាថ្នូរ នៃការយកដីរបស់ពលរដ្ឋចំនួន៦ហិកតាកន្លះ និងលុយសុទ្ធជាង៥ម៉ឺនដុល្លារ។
មន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ឈ្មោះ គឹមអាន នាគថា នេះ មិនមែនជាមន្ត្រីក្នុងទីស្តីការគណៈរដ្ឋមន្ត្រីទេ។
អំពើបោកកុហកដោយការប្រើឈ្មោះក្រសួងស្ថាប័នរបស់មន្ត្រីរាជការឬឈ្មោះថ្នាក់ដឹកនាំ ត្រូវគេឃើញតែងត្រូវបានក្រុមជនទុច្ចរិតប្រើប្រាស់ជារឿយៗដើម្បីការកុហកឆបោកប្រជាពលរដ្ឋតាមជនបទឆ្ងាយៗ។
តំណាងម្ចាស់ដីឈ្មោះ ប្រាជ្ញ ហង្ស នៅក្នុងការជួបជុំតវ៉ាមួយជាមួយនឹងអ្នកភូមិជាច្រើន បានថ្លែងអំពាវនាវសូមឱ្យមានការជួយរកយុត្តិធម៌ដល់រូបលោក និងប្រជាជន ពីព្រោះលុយចំនួន ជាង៥ម៉ឺនដុល្លារដែលឈ្មោះ គឹមអាន នាគថា បានយកទៅរត់ការនោះ គឺជាលុយរៃអង្គាស គ្នាពីក្នុងចំណោមពលរដ្ឋរស់នៅលើដីទីនោះ។
យោងតាមអត្តសញ្ញាណបណ្ណ ឈ្មោះ គឹមអាន នាគថា នេះ មានទីលំនៅភូមិអន្លង់គគីរ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ម្ចាស់ដី និងពលរដ្ឋដែលរងការចាញ់បោកបាន និយាយថា ឈ្មោះ គឹមអាន នាគថា កំពុងតែរត់គេចខ្លួន និងមិនព្រមលើកទូរស័ព្ទធ្វើការ ទាក់ទងឡើយក្រោយការសន្យាជាច្រើនលើកដែលគ្មានការពិតនោះ៕