(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ បានបង្ហាញនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ដែលជាសរសៃឈាមដ៏មានសារសំខាន់បំផុត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ក្នុងនេះដែរ ប្រជាពលរដ្ឋរស់នៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ពួកគាត់កំពុងរីករាយ នឹងផ្លូវចាក់បេតុងដ៏ស្អាតមួយខ្សែ ដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយផ្លូវនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើរ និងការដឹកកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែងាយស្រួលជាងមុន។
ជាមួយនេះពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដោយក្នុងនោះខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្ត អាចប្រកបមុខរបរធ្វើជាអាជីកម្មផ្សេងៗដើម្បីជួយលើកកម្ពស់ជីវភាព។
ក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារចំនួន ៥គម្រោងនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ, លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការខិតខំប្រែងប្រែងអភិវឌ្ឍន៍ផ្លូវគមនាគមន៍ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០៥០។
លោកបណ្ឌិតបានបន្តថា ការអភិវឌ្ឍផ្លូវជនបទនេះទៀតសោត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់រវាងទីប្រជុំជន និងទីជនបទដាច់ស្រយាល យ៉ាងណាមិញសូមប្រជាពលរដ្ឋ ដែលទទួលបានការអភិវឌ្ឍផ្លូវ ចូលរួមថែទាំប្រើប្រាស់ឱ្យបានយូរអង្វែង ក្នុងនោះមានការមិនដឹងលើសទម្ងន់ ឬកាប់គាស់ផ្លូវជាដើម។
គួរបញ្ជាក់ថា គម្រោងផ្លូវទាំង ៥គម្រោងរួមមានទី១៖ ការងារស្ដារឡើងវិញផ្លូវក្រាលល្បាយដីក្រួសប្រវែងជាង ៨គីឡូម៉ែត្រ សង់លូប្រអប់មុខ៣ មួយកន្លែង សំណងបង្ហៀរទឹក ១កន្លែង ស្ថិតក្នុងឃុំដង់ក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ទី២៖ ផ្លូវកៅស៊ូ (DBST) ប្រវែងជាង៣,៤០០ម៉ែត្រ រួមទាំងមានធ្វើលូ ស្ថិតក្នុងឃុំទួលព្រះឃ្លាំង តភ្ជាប់នឹងឃុំសូភាស ស្រុកស្ទឹងត្រង់, ទី៣៖ ផ្លូវចាក់កៅស៊ូ (DBST) ប្រវែងជិត ៤គីឡូម៉ែត្រ ដាក់លូ ស្ថិតក្នុងឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង, ទី៤៖ ផ្លូវចាក់បេតុង ១ខ្សែ មាន២កំណាត់ ប្រវែងជិត ១,០០០ម៉ែត្រ មានដាក់លូ ស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង និងទី៥៖ ផ្លូវបេតុង ប្រវែងជាង ១,៨០០ម៉ែត្រ ស្ថិតក្នុងឃុំទ្រា ស្រុកក្រូចឆ្មា។
សម្រាប់គម្រោងផ្លូវទាំងអស់នេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម សុដេត នាយករងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ៕