(ត្បូងឃ្មុំ)៖ ចំណងដៃថ្មីបន្ថែមរួមមាន អគារសិក្សា១ខ្នង ៣ជាន់ ១៨បន្ទប់ រួមជាមួយទីចាត់ការ ១ខ្នង ៣បន្ទប់ ខ្លោងទ្វារ និងបន្ទប់ទឹក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។
នាឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយ មានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជាគតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។
អភិបាលខេត្ត គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សានុសិស្ស ធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជាមូលធន ដែលជាទន់មួយសម្រាប់ចូលរួមវិនិយោគប្រទេសជាតិ អោយកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះលោក ប៉ែន កុសល្យ អភិបាលខេត្ត បន្ថែមថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ដែលកំពុងបន្តការសិក្សានៅក្នុងវិទ្យាល័យហ៊ុន សែន ពញាក្រែកនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចផ្តល់ជូននូវសមិទ្ឋផលថ្មីបន្ថែម ដែលត្រូវបញ្ចុះបឋមសិលា សាងសង់នាឱកាសនេះ ដើម្បីជួយសម្រួលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងជាចលករចូលរួមជួយលើកកម្ពស់វិស័យអប់រំបន្ថែមមួយកម្រិតទៀត៕