(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអបសាទរជូនចំពោះលោក Derek Yip នាឱកាសដែលលោក ត្រូវបានរដ្ឋាភិបាល អូស្ត្រាលី តែងតាំង ជាឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងបានរំលេចពីទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌហិញ្ញប្បទាន សហប្រតិបត្តិការ, ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កម្ពុជា-អូស្រ្តាលី នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានសមិទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីប្រជាជន និងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូត Derek Yip ក៏បានសម្តែងនូវអំណរគុណ ចំពោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ថា លោកពិតជាមានកិត្តិយសណាស់ ដែលបានបំពេញតួនាទីដ៏សំខាន់នេះ។
លោកឯកអគ្គរដ្ឋទូត នឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត សំដៅរួមចំណែក ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយភាពធន់ ព្រមទាំងចូលរួមលើកកម្ពស់ការអភិវឌ្ឈន៍ ស្ថិរភាព និងវិបុលភាពនៅកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាព ជូនកម្ពុជា ដែលចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ន, រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រមាណជាង ១.៣ ប៊ីលាន ដុល្លារអូស្ត្រាលី (ត្រូវនឹងប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក) ក្នុងវិស័យកសិកម្ម, អប់រំ និងបណ្តុះបណ្តាល, អភិបាលកិច្ច, សុខាភិបាល, បោសសម្អាតមីន, ពាណិជ្ជកម្ម, ទឹកស្អាត, ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។
បច្ចុប្បន្ននេះ, រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ ក៏កំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវ «កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)» ដែលកម្មវិធីនេះ មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្រ្តាលី (ត្រូវនឹងប្រមាណ៦៥លានដុល្លារអាម៉េរិក)។ កិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕