(ភ្នំពេញ)៖ លោក ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានបង្ហាញការកត់សម្គាល់របស់លោកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ នៅក្នុងអាស៊ាន និងលើសកលលោកផងដែរ។
លោក ស៊ីន ឡៈវង់ ឃុនផៃធូន បានគូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងសមាជិកគណប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយទស្សនកិច្ចនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សនិងបក្ស រដ្ឋាភិបាលទាំងពីរ រវាងរណសិរ្សនៃប្រទេសទាំងពីរ និងរវាងប្រជាជន និងប្រជាជន។
សម្តេចតេជោ បានអបអរសាទរសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ កាលពីសប្តាហ៍កន្លងមក ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចតេជោ ក៏បានចូលរួមអបអរសាទរជាមួយសមិទ្ធផលជោគជ័យថ្មីមួយទៀតនៃទំនាក់ទំនងរវាងរណសិរ្យអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលទើបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤-២០២៨។
លោក ស៊ិនឡៈវង្ស ឃុតផៃធួន បានសម្តែងការគោរពដឹងគុណ និងអរគុណសម្តេចតេជោ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់រូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ។
លោក ស៊ិនឡៈវង្ស ឃុតផៃធួន បានបន្តទៀតថា សម្តេចតេជោ គឺជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ នៅក្នុងអាស៊ាន និងលើសកលលោក។ លោក ពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពីសម្ដេច។ លោក ក៏បានជម្រាបសម្តេចតេជោ ពីជំនួបជាមួយសម្តេច ម៉ែន សំអន ដោយបានរំលឹកពីវីរភាព និងបទពិសោធន៍ដឹកនាំរណសិរ្ស និងការកសាងប្រទេសកម្ពុជាដ៏អស្ចារ្យរបស់សម្តេច ដែលអាចបង្រួបបង្រួមជាតិ ប្រែក្លាយប្រទេសមានភាគីច្រើន មកជាប្រទេសមានរដ្ឋាភិបាលដឹកនាំតែមួយ កម្លាំងប្រដាប់អាវុធតែមួយ និងមានឯកភាពជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងខ្លាំងពីលោក ថងលូន ស៊ីសុលីត ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ ជូនសម្តេចតេជោផងដែរ។ លោកប្រធានរដ្ឋ បានផ្តាំគោរពអរគុណ ដែលគណៈប្រតិភូថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងចន្ទន៍កន្លងមក ហើយកាលពីម្សិលមិញនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលដឹកនាំដោយ សម្តេចរដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា) នៅទីក្រុងវៀងចន្ទន៍ផងដែរ។ នេះគឺជាការផ្តល់កិត្តិយសដ៏ធំធេង ពីសំណាក់មិត្តកម្ពុជា ដល់ប្រទេសឡាវ។
លោកប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានជម្រាបសម្តេចតេជោ ពីសមិទ្ធផលនៃទំនាក់ទំនងរវាងរណសិរ្សនៃប្រទេសទាំងពីរកន្លងមក ក៏ដូចជាភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨។ លោក បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានចំនួន៨ប្រការសំខាន់ៗ ដោយបញ្ជាក់ពីការសាមគ្គីភាពស្អិតល្មួត និងការប្តេជ្ញាចិត្តថែរក្សាពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ដែលបានកសាងតាំងពីយូរលង់មកហើយ និងបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរនេះ។ កម្ពុជា-ឡាវនឹងប្រារព្ធខួបទី៧០ឆ្នាំនៃទំនាក់ទំនងនេះ នៅ២ឆ្នាំទៀត ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងជាងពាក់កណ្ដាលនៃទំនាក់ទំនងនេះ ពោលគឺចាប់ពីឆ្នាំ ១៩៧៩មក។
សម្ដេចតេជោ ក៏បានជម្រាបលោកប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ពីប្រវត្តិនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើង ក្រោយដែលសម្ដេចបានបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។ ការបង្កើតរណសិរ្សក្រោយនោះ គឺបានយកឈ្មោះតាមកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់តាមកាលទេសៈរហូតមកដល់សព្វថ្ងៃនេះ ។
សម្ដេចតេជោ បានសំដែងការរីករាយដែលទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ បានឈានរហូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» និងស្តែងឡើងច្រើនរូបភាព,ទាំងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, សភា និងសភា, ប្រជាជន និងប្រជាជន, បក្ស និងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណសិរ្ស ហើយនិងបានជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងកំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ សម្រាប់ប្រើប្រាស់ក្នុងប្រទេស និងបញ្ជូនទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន។ សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹក តាមរយៈឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជូនឯកឧត្តម ថង លូនស៊ីសុលីត ប្រធានរដ្ឋឡាវ ផងដែរ។
ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ស៊ីជម្រៅទាក់ទងនឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយឯកឧត្តមសន្យាថា នឹងបន្តប្រពៃណីនេះ ទុកជាមរតកដ៏ថ្លៃថ្លា ហើយនិងផ្សព្វផ្សាយប្រពៃណីនេះ ជូនចំពោះយុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរក្សាទំនាក់ទំនងនេះ ដែលយើងមានព្រំដែនជាប់គ្នាមិនអាចលើកទៅណាបានទេ។
លោកប្រធាន ក៏បានអបអរសាទរប្រទេសកម្ពុជា ចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាពិសេសការអភិវឌ្ឍទីក្រុង ដែលមានបែបផែន និងការគ្រប់គ្រងយ៉ាងត្រឹមត្រូវទាំងរាជធានីភ្នំពេញ និងបណ្តាក្រុងធំៗផ្សេងទៀត ហើយ ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តទៅធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ នាពេលបន្ទាប់ទៀត៕