(កំពង់ឆ្នាំង)៖ ពលរដ្ឋមួយគ្រួសារប្រកបរបរដាំក្រូចពោធិ៍សាត់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តចែករំលែកបទពិសោធន៍និងបច្ចេកទេសខ្លះៗពីការដាំក្រូចពោធិ៍សាត់នេះ ដោយសារគ្រួសារគាត់ជោគជ័យច្រើនឆ្នាំហើយ លើការងារកសិកម្មដាំក្រូចពោធិ៍សាត់នេះ។
លោក ញឹប ដឺលុច អាយុ៤៦ឆ្នាំ និងភរិយាឈ្មោះ ក្រូច សុផាត ដ្បិតមានទីលំនៅរាជធានីភ្នំពេញ តែបច្ចុប្បន្នពួកគាត់បានមកប្រកបមុខរបរកសិកម្មដាំក្រូចពោធិ៍សាត់នៅភូមិភ្នំតាស៊ាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងជោគជ័យក្នុងការប្រកបមុខរបរកសិកម្មដាំក្រូចពោធិ៍សាត់ ដែលធ្វើឱ្យក្រុមគ្រួសាររបស់គាត់មានជីវភាពធូរធា ទទួលបានការគាំទ្រពីប្រជាកសិករនៅខេត្តកំពង់ស្ពឺ ដែលបានចាត់ទុកគ្រួសាររបស់គាត់ជាគ្រួសារគំរូ ផ្នែកប្រកបមុខរបរកសិកម្មដាំក្រូចពោធិ៍សាត់នៅក្នុងមូលដ្ឋានទៀតផង។
លោក ញឹប ដឺលុច ឱ្យដឹងថា មុននឹងគ្រួសារគាត់បានមកទិញដីធ្វើកសិកម្មដាំក្រូចពោធិ៍សាត់នៅក្នុងទឹកដីស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ គឺពួកគាត់មានភាពជោគជ័យក្នុងការដាំក្រូចពោធិ៍សាត់នេះនៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចមកហើយ។ ដោយកាលណោះ គ្រួសារគាត់បានដាំក្រូចពោធិ៍សាត់ចំនួន៦០០០ដើម លើផ្ទៃដីជាង២០ហិកតា ដោយបានទទួលផលជាច្រើនឆ្នាំ និងបានបេះផ្លែក្រូចលក់ក្នុង១ថ្ងៃបានប្រាក់ជាង១ពាន់ដុល្លារទៀតផង។ តែក្រោយមក អាជ្ញាធរខេត្តត្រូវការបើកទ្វារទឹកដើម្បីស្រោចស្រពស្រូវស្រែចម្ការរបស់ប្រជាពលរដ្ឋនៅខាងក្រោម ក៏ត្រូវបានលិចដើមក្រូចរបស់គាត់ខូចខាតទាំងអស់ទាំងស្រុង តែពួកគាត់មិនមានការថ្នាំងថ្នាក់អ្វីនោះឡើយ ដោយសារតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺនគ្រួសារដែលធ្វើស្រែចម្ការនៅខាងក្រោម។
លោកឲ្យដឹងទៀតថា បន្ទាប់ពីមានការខូចខាតដើមក្រូចនៅឯភ្នំអារ៉ាល់ខេត្តកំពង់ស្ពឺ ពួកគាត់ក៏បានមករកទិញដីនៅខេត្តកំពង់ឆ្នាំង ដើម្បីសាកល្បងដាំក្រូចពោធិ៍សាត់ ព្រោះដីនៅទីនេះជាដីរបាយកខ្សាច់។ ឯការដាំក្រូចពោធិ៍សាត់នៅក្នុងទឹកដីស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនេះដែរ គឺគាត់បានដាំក្រូចពោធិ៍សាត់ចំនួនជាង១ពាន់ដើម នៅលើផ្ទៃដីចំនួន២ហិកតា បច្ចុប្បន្នក្រូចរបស់គាត់ គឺមានអាយុកាលជាង៣ឆ្នាំមកហើយ ដែលដើមក្រូចជាមួយៗមានការលូតលាស់ធំធាត់ល្អ និងសង្ឃឹមថាឆ្នាំនេះក្រូចពោធិ៍សាត់របស់ពួកគាត់នឹងទទួលបានផលផងដែរ។ ថ្វីបើប្រភេទដីនៅខេត្តកំពង់ឆ្នាំងនេះ ជាប្រភេទដីរបាយខ្សាច់ ពិបាកក្នុងការដាំដំណាំផ្សេងៗក៏ដោយ តែសម្រាប់គ្រួសារគាត់គឺមានបច្ចេកទេសនិងបទពិសោធន៍ក្នុងការដាំនិងការថែទាំឲ្យដំណាំក្រូចពោធិ៍សាត់នេះមានការលូតលាស់ និងទទួលបានផ្លែផ្កាដូចដីរបាយខ្សាច់លាយកណ្តេងកដូចនៅភ្នំឱរ៉ាល់ក្នុងទឹកដីខេត្តកំពង់ស្ពឺផងដែរ។
បងប្រុសនិងគ្រួសារបានបញ្ជាក់ទៀតថា ចំពោះកូនក្រូចពោធិ៍សាត់ទាំងទៅយកមកដាំទាំងអស់នេះ គឺគាត់បានទិញពីខេត្តពោធិ៍សាត់ដែលគេលក់ក្នុងមួយដើមតម្លៃ៥,០០០រៀល។ ចំពោះការដាំនិងការថែទាំវិញ គ្រួសាររបស់គាត់បានប្រើជីសិរីរាង្គធម្មជាតិ និងជីកំប៉ុស។ ចំពោះបច្ចេកទេសដើម្បីឲ្យឆាប់ទទួលបានផ្លែផ្កាឆាប់រហ័ស គឺយើងត្រូវបំប៉នជីឲ្យច្រើនជាពិសេសប្រើប្រាស់ទឹកឲ្យបានគ្រប់គ្រាន់ តែត្រូវរើសដើមណាដែលមានការធំធាត់ដែលមានគល់ចាប់ពី១តឹកឡើងទៅ គឺយើងអាចបំប៉នជីឱ្យខ្លាំង នោះនឹងឆាប់បានទទួលផ្លែផ្កាទៅតាមតម្រូវការ។
ចំណែកផ្លែក្រូចពោធិ៍សាត់នេះ នៅពេលដែលទទួលផល បើដើមល្អក្នុងមួយថ្ងៃ យើងអាចបេះបានក្នុងមួយដើមចាប់ពី៣០០ទៅ៥០០គីឡូក្រាម ផ្លែក្រូចដែលលក់ចេញត្រូវបែងចែកជា៣ប្រភេទ៖
* ផ្លែក្រូចលេខ១ លក់ក្នុង១ផ្លូន (មាន៥២ផ្លែ) ស្មើនឹង១៥គីឡូក្រាម លក់ក្នុងតម្លៃ៥៥,០០០រៀល
* ផ្លែក្រូចប្រភេទលេខ២ លក់ក្នុងមួយផ្លូន (មាន៥២ផ្លែ) ស្មើនឹង១២គីឡូក្រាម ក្នុងតម្លៃ៤៥,០០០រៀល
* ផ្លែក្រូចប្រភេទលេខ៣ លក់ក្នុងមួយផ្លូន (មាន៥២ផ្លែ) ស្មើនឹង៩គីឡូក្រាម លក់ក្នុងតម្លៃ៣៥,០០០រៀល។
បងប្រុសនៅភរិយាក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការដាំក្រូចពោធិ៍សាត់ បើចង់ដឹងនិងចង់ចេះអំពីបច្ចេកទេសក្នុងការដាំនិងការថែទាំ សូមទំនាក់ទំនងមកបងប្រុសនិងគ្រួសារដែលមានលេខទូរសព្ទ ០៦៨ ៧៨០ ៦៦៦៕