(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង៥០០គ្រួសាររស់នៅឃុំចំនួន៣ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនជាអ្នកវិនិយោគជនជាតិឥណ្ឌូណេស៊ីនៅខេត្តព្រះសីហនុ តាមរយៈការសម្របសម្រួលរបស់លោក រូន សារី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។
ពិធីសំណេះសំណាលនេះធ្វើឡើងនាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ។
លោក រូន សារី បានថ្លែងថា តាមរយៈការទំនាក់ទំនងរបស់លោកជាមួយក្រុមការងារនៅប្រទេសឥណ្ឌូណេស៊ី ទើបរៀបចំឱ្យមានកម្មវិធីសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ហើយក៏បាននាំយកនៅកញ្ចប់អំណោយបន្តិចបន្តួច ដែលជាការផ្តល់ជូនពីសំណាក់ក្រុមការងារឥណ្ឌូណេស៊ី ដែលពួកគាត់ជាអ្នកវិនិយោគនៅកម្ពុជា ហើយនៅខេត្តព្រះសីហនុផងដែរ។
ដោយឡែក ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីក៏ជិតមកដល់ ពោលគឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ លោក អ៉ី ធារិន បានអំពាវនាវដល់អាណាព្យាបាលដែលមានកូនគ្រប់អាយុចុះឈ្មោះចូលរៀន សូមកុំភ្លេចនាំកូនប្រុសស្រីទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយទៅជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។
លោកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីព្រួយបារម្មអាចកើតឡើងគ្រប់ពេលវេលា ដែលត្រូវតែប្រុងប្រយ័ត្នមិនអាចប្រហែសបាននោះទេ បើកបរពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ គោរពច្បាប់ចរាចរណ៍។
ពាក់ព័ន្ធនឹងគ្រឿងញៀន ប្រសិនបើឪពុកម្តាយបានដឹងថាក្នុងសហគមមានអ្នកញៀនថ្នាំ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានមានសម្ថកិច្ចជាបន្ទាន់ ដើម្បីយកទៅពិនិត្យ បន្សាបនៅមណ្ឌលកែប្រែ។
គូសបញ្ជាក់ដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ តាមរយ:ក្រុមការងារមកពីប្រទេសឥណ្ឌូណេស៉ី រួមមាន៖ អង្ករ១០គីឡូក្រាម ប្រេងឆា១ដប ស្កសរ១គីឡូ មី៥កញ្ចប់ ត្រីខ២កំប៉ុង៕