(ស្វីស)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ជួបប្រជុំទ្វេភាគីជាមួយ លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ សម្រាប់ការដោះមីនមនុស្សធម៌ (GICHD) នៅទីក្រុងឡូសាន ប្រទេសស្វីស ដើម្បីពង្រឹងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំ ដែលបានផ្តល់ដីសុវត្ថិភាពជូនប្រជាជនកម្ពុជាប្រមាណជា ១០លាននាក់ ហើយសមិទ្ធផលទាំងនេះ កើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ក្នុងនោះបានធ្វើឱ្យការងារបោសសម្អាតមីន អាចដំណើរការប្រកបដោយសុវត្ថិភាព និងប្រព្រឹត្តិទៅនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន និង GICHD និងបានថ្លែងអំណរគុណ GICHD ចំពោះការគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ជាពិសេសការ កសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ស្ថានភាពសកម្មភាពមីននៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលមួយយ៉ាងសំខាន់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០២៦-២០៣០ និងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥។
តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន។
ជាការឆ្លើយតប លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌល GICHD នឹងផ្តល់ការរួមចំណែក និងការគាំទ្រដល់ការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន ស្របតាមបរិបទសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានោះ លោក Tobias Privitelli បានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕