(ស្វីស)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ជួបប្រជុំទ្វេភាគីជាមួយលោក Yoshifumi Tsuge អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីក្រុងឡូសាន ប្រទេសស្វីស ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា, ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាងសុខសន្តិភាពនៅប្រទេសកម្ពុជា និងបានក្លាយជាដៃគូសម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលការគាំទ្រនេះពិតជាបានរួមចំណែកក្នុងការសង្រ្គោះអាយុជីវិត និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់បេសកកម្មវិស័យសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានោះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា បណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ប្រទេសជប៉ុន និងរដ្ឋភាគីដទៃទៀត ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា និងកិច្ចខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
លោក Yoshifumi Tsuge អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនង និងមិត្តភាពយូរអង្វែងរបស់ប្រទេសជប៉ុន ជាមួយកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជាដែលបានក្លាយ អ្នកដឹកនាំប្រកបដោយជំនាញ សម្រាប់វិស័យសកម្មភាពមីន ក៏ដូចជាទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់កម្ពុជាក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ។ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទជាមួយប្រទេសកម្ពុជាសម្រាប់វិស័យសកម្មភាពមីនផងដែរ៕