(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅតាមខ្នងផ្ទះនីមួយៗដែលកំពុងរស់នៅលើដីសម្បទាន សង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន១៤១គ្រួសារ ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទីនេះគឺមានរយៈពេលជាង ៣ឆ្នាំកន្លងមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីមួយហិកតាកន្លះ និងផ្ទះមួយខ្នងទំហំ៧ម៉ែត្រ គុណនិង ៥ម៉ែត្រ មានបង្គន់អនាម័យ សម្រាប់ប្រើប្រាស់ផងដែរ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងមើលថែទាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារ អតីតយុទ្ធជនទាំងចំនួន១៤១ គ្រួសារ ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ច នឹងបានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា ស្រុកសន្ទុកនេះ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីកសាងជីវភាពរស់នៅថ្មី ឲ្យបានធូរធារមានជីវភាពរស់នៅសមរម្យ។
នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពូជា ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាង ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងបានប្ដេជ្ញាចិត្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជារៀងរហូតអស់មួយជីវិត៕