(ពោធិ៍សាត់)៖ បេក្ខជន៣រូបក្នុងចំណោមបេក្ខជនដែលបានចូលរួមប្រគួតប្រជែង២០រូប ត្រូវបានគណៈមេប្រយោគត្រួតពិនិត្យវាយតម្លៃយ៉ាងយកចិត្តទុកដាក់អំពីការផ្ចិតផ្ចង់ វាស់វែង ចាក់ខ្នាត សម្រង់ទឹកដៃ សោភ័ណភាព ការច្នៃប្រឌិត និងការបញ្ចូលព្រលឹងលើរូបចម្លាក់ព្រះពុទ្ធបដិមាខ្មែរ ក្នុងមហោស្រពសិល្បៈចម្លាក់ ក្រោមប្រធានបទ «ព្រះពុទ្ធបដិមាខ្មែរ ក្នុងឥរិយាបថសមាធិ» បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលារចនាខេត្ត ដោយបានការចូលរួមពីលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត គណៈមេប្រយោគ បេក្ខជន និងយុវជនយ៉ាងច្រើនកុះករ។
គោលបំណងនៃការរៀបចំមហោស្រពសិល្បៈចម្លាក់នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២៤នេះ គឺដើម្បីផ្តល់ឱកាសសិក្សាលើផ្នែកធនធានមនុស្ស បច្ចេកទេសនៃការបង្ហាញស្នាដៃចម្លាក់ និងទេពកោសល្យសិល្បៈ សំដៅពង្រឹងសមត្ថភាពនិងលើកកម្ពស់សិល្បៈស្នាដៃចម្លាក់ខ្មែរ ដើម្បីបន្តការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះឱ្យនៅគង់វង្ស។
លោកស្រីអភិបាលរងខេត្ត ប៉ុក ណាឌី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ដែលបានផ្តួចផ្តើមនិងជំរុញឱ្យមានការរៀបចំមហោស្រពសិល្បៈចម្លាក់នេះចេញជារូបរាងឡើង និងឈានដល់ថ្ងៃបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
លោកស្រីបានកោតសរសើរដល់លោកព្រឹទ្ធាចារ្យ មេប្រយោគ សិប្បករ អាជីវករ និងយុវជនខ្មែរជំនាន់ក្រោយ ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការហាត់រៀនស្នាដៃចម្លាក់ បន្តវេនពីដូនតាក្នុងផ្នែកសិល្បៈសូនរូប និងសិប្បកម្មប្រកបដោយគំនិតច្នៃបឌិត និងទឹកចិត្តគោរពស្រឡាញ់ ក្នុងកាលៈទេសៈប្រកួតប្រជែងនាសម័យសកលភាវូបនីយកម្ម។
ឆ្លងកាត់រយៈពេលពីរថ្ងៃ គណៈមេប្រយោគទាំង៥រូបបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការផ្ចិតផ្ចង់ វាស់វង ចាក់ខ្នាត សម្រង់ទឹកដៃ សោភ័ណភាព ការច្នៃប្រឌិត និងការបញ្ចូលព្រលឹងនៃរូបចម្លាក់ព្រះពុទ្ធបដិម របស់បេក្ខជនទាំង២០រូប ដោយសម្រេចជ្រើសេរើសបានបេក្ខជន៣រូបដែលមានពិន្ទុខ្ពស់ជាងគេ រួមមាន៖ បេក្ខជន ម៉ក់ ជាង ទទួលបានចំណាត់ថ្នាក់លេខ១, បេក្ខជន ចាន់ វ៉ូលីម ចំណាត់ថ្នាក់លេខ២ និងបេក្ខជន ម៉ក់ ចៀន ចំណាត់ថ្នាក់លេខ៣។
លោកស្រីអភិបាលរងខេត្តបានអបអរសាទរចំពោះបេក្ខជនដែលទទួលជ័យលាភីក្នុងមហោស្រពសិល្បៈចម្លាក់ «ព្រះពុទ្ធបដិមាខ្មែរ ក្នុងឥរិយាបថសមាធិ» ឆ្នាំ២០២៤នេះ ហើយក៏បានលើកទឹកចិត្តដល់បេក្ខជនដែលមិនបានទទួលជ័យលាភីត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកលើកស្ទួយថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើននិងប្រកបដោយនិរន្តរភាព។
លោកស្រី ប៉ុក ណាឌី មានជំនឿយ៉ាងមុតមាំថា តាមរយៈការប្រារព្ធមហោស្រពចម្លាក់នេះ ពិតជាអាចផ្តល់នូវសារប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ជាបទពិសោធន៍ និងបានចូលរួមចំណែកថែរក្សាការពារនូវអត្តសញ្ញាណ និងលើកកម្ពស់វប្បធម៌ជាតិ សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាព្រះរាជាណាចក្រនៃវប្បធម៌៕