(បាត់ដំបង)៖ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប ដើម្បីអបអរសាទរឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត បានធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន២៥នាក់។
យុទ្ធនាការនេះធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជនឱ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ គ្រប់ពេលធ្វើដំណើរតាមម៉ូតូ បើកបរត្រូវចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនលើសល្បឿនកំណត់ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់ បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមគោរពសិទ្ធិជនពិការ ជាពិសេសរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។
សាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង តែងតែបានសហការជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មន្ទីរពាក់ពន្ធ អង្គការជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត ក្រុង ស្រុក បានចូលរួមលើកកម្ពស់ការងារសុវត្ថិភាព ចរាចណ៍ផ្លូវគោក។ ជាមួយគ្នានេះ ក្រុមការងារបានចែកខិតបណ្ណ ស្ទីកឃ័រ ចំណាំងផ្លាស់ និងឯកសារមួយចំនួន ព្រមទាំងមានសំណួរចម្លើយ ដើម្បីយកមួកសុវត្ថិភាពផងដែរ៕