(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង នៅវេលាម៉ោង ១១៖៣៦នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយសារធាតុ ញៀន ស្ថិតនៅចំណុចសណ្ឋាគា «ខមហ្វតស្តា៣» ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមាន៖ ទី១-ឈ្មោះ ឯល ម៉ៅ អាយុ៤៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទី២-ឈ្មោះ គឹម ចាន់ អាយុ២៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល និងទី៣-ឈ្មោះ វណ្ណា ឆាន្នី អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា សម្រាប់ប្រតិបត្តិការនេះ បានកើតឡើងក្រោយមានកិច្ចសហការ ផ្តល់ដំណឹងពីម្ចាស់ សណ្ឋាគារថា មានជនសង្ស័យចំនួន០៣នាក់ សង្ស័យមាជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗ លោកមេបញ្ជាការខេត្ត ក៏បានចាត់ចែងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកនាយការិយាល័យបទល្មើសគ្រឿងញៀន ចុះទៅ កន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការចាប់ដកហូតវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០៣កញ្ចប់ ទូរសព្ទ័ដៃចំនួន០៣គ្រឿង ម៉ូតូ២គ្រឿង និងសម្ភារមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមទៅតាមនីតិវិធីច្បាប់៕