(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះអនុញ្ញាតជូនលោក ឈឹង ឈីសាន (QU Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្តែងការគួរសម នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នាក្នុងឱកាសនៃជំនួបនេះ ព្រះអង្គម្ចាស់ បានសម្តែងនូវព្រះហឫទ័យស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនលោក QU Qingshan ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងថ្លែងអំណរគុណដល់គណបក្សកុម្មុយនីស្តចិនដែលថ្វាយបដិសណ្ឋារកិច្ចចំពោះព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅថ្មីៗនេះ។
ព្រះអង្គម្ចាស់ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក QU Qingshan ថាជាការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតរវាងបក្សកុម្មុយនីស្តចិន និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។
លោក ឈឹង ឈីសាន បានថ្លែងអំណរព្រះគុណថ្វាយ ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងព្រះអនុញ្ញាតជូនលោក និងគណៈប្រតិភូ ចូលបង្គំគាល់សម្តែងការគួរសមក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាលើកទី១នៅកម្ពុជា និងបានទូលថ្វាយអំពីគោលបំណងដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាឱកាសនេះ គឺដើម្បីជម្រាបនិងចែករំលែកពីសេចក្តីសម្រេចនិងសមិទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលផ្តោតសំខាន់លើការដាក់ចេញនូវគោលដៅនិងយន្តការកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងទំនើបកម្មតាមបែបចិន។
ជាចុងក្រោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជូនពរលោក QU Qingshan និងគណៈប្រតិភូ សូមប្រកបជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕