(ភ្នំពេញ)៖ កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន៣ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON Riverside រាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈប្រតិភូប្រកួតសរុបចំនួន ៦០០នាក់ ក្នុងនោះគណៈប្រតិភូបរទេសចំនួន ១៨០នាក់ មកពី១៥ប្រទេស និងភ្ញៀវជាតិ ៥០០នាក់ សរុបអ្នកចូលរួម ១.១០០នាក់ សរុប១៦ប្រទេស រួមទាំងកម្ពុជា។ ក្នុងការប្រកួតនេះ ភាគីកម្ពុជា ទទួលបានជ័យលាភីជើងឯកធំ (Grand Champion) ដោយបានទៅលើឈ្មោះ សឿ ធា និង ជ័យលាភីជើងឯក (Champion) ចំនួនពីរ គឺ ទី១ លើវិញ្ញាសាតុបតែងកូនក្រមុំ ដោយបានទៅលើឈ្មោះ សឿ ធា ជ័យលាភីជើងឯក (Champion) ទី ២ លើវិញ្ញាសា កាត់សក់នារី រួមបញ្ចូលពណ៌សក់ ដោយបានទៅលើឈ្មោះ សឿន សេងនី និងជ័យលាភីជើងឯក (Champion) ទី ៣ លើវិញ្ញាសា រចនាក្រចកហ្វេនតាស៊ី ដោយបានទៅលើឈ្មោះ តង សុខនី។
ការប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក នេះ មានគោលបំណង ជួយឱ្យពិភពលោកស្គាល់ពីសក្តានុពលនៃឧស្សាហកម្មសក់ សម្អាង និងសម្រស់ របស់កម្ពុជា និងជួយជំរុញ ជ្រោមជ្រែង លើកកម្ពស់ឧស្សាហកម្មនេះ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងជាការទទួលស្គាល់ពី ភាពចៃ្នប្រឌិតជាអន្តរជាតិ ជាពិសេសចូលរួមលើកកិត្តិយស និងជាមោទនភាពមួយសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះលើកដំបូងផងដែរ។
លោកស្រី ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា និងជានាយិកាសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍មិនត្រឹមតែការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាឱកាសឱ្យបងប្អូនដែលជាអ្នកប្រកួតបានរៀន និងទទួលយកចំណុចខ្លាំងពីគ្នាទៅវិញទៅមក រវាងកម្ពុជា និងប្រទេសផ្សេងៗ រួមចំណែកកសាងប្រយោជន៍ជូនប្រទេសជាតិ អន្ដរជាតិ និងសាកលលោក តាមឧស្សាហកម្មសក់ សម្អាង និងសម្រស់ ដ៏ពេញនិយម និងមានសក្តានុពល។ ព្រឹត្តិការណ៍នេះក៏បានជំរុញឱ្យអន្តរជាតិ មើលឃើញអំពីភាពរីកចម្រើន សក្តានុពល និងសមត្ថភាពរបស់កម្ពុជា នៅក្នុងឧស្សាហកម្មសក់ សម្អាង និងសម្រស់។
លោកស្រីបានលើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ដល់ជាងសក់ អ្នកសម្អាង អ្នកជំនាញផ្នែកសម្រស់ ម្ចាស់សាឡន ម្ចាស់សម្អាង បន្តរក្សាសេចក្ដីព្យាយាម ខិតខំសិក្សារៀនសូត្រ បន្តអនុវត្ដ និងពង្រឹងសមត្ថភាពជាប្រចាំ ហើយត្រូវចេះទប់ស្កាត់បញ្ហា និងវិបត្តិផ្សេងៗ។ បើមានបញ្ហា ចូរបងប្អូនសិក្សាស្វែងរកឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយ។ជាពិសេសដើម្បីដោះស្រាយបាន សូមបងប្អូនរក្សាសេចក្ដីសុខក្នុងក្រុមគ្រួសារ រក្សាសាមគ្គីភាព រក្សាអភិវឌ្ឍ កែច្នែម៉ូតសក់ឱ្យទាន់សម័យជាប្រចាំ បន្ដរៀននូវអ្វីៗដែលថ្មីៗ ទាំងចំណេះទូទៅ និងជំនាញ។ សាលាបង្រៀនថែសម្ផស្សគ្រីស្ទីណានឹងជួយដល់បងប្អូនទាំងអស់គ្នា។ គ្រីស្ទីណាត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់បងប្អូន ដើម្បីបងប្អូន ដើម្បីឧស្សាហកម្មសក់ សម្អាង និងសម្រស់ របស់កម្ពុជា។
ក្នុងនាមជាថ្នាក់ដឹកនាំសមាគម លោកស្រីបានលើកចិត្ដដល់សហគ្រិននៅក្នុងឧស្សាហកម្មសក់ សម្អាង និងសម្រស់ ទាំងអស់ ត្រូវមានភាពអត់ធ្មត់ឱ្យបានខ្ពស់ កុំបាក់ទឹកចិត្ដ ផ្ទុយទៅវិញ មានតែការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យបានធំជាងបញ្ហា ហើយប្រឈមទៅនឹងបញ្ហាវិញទេ ទើបអាចដោះស្រាយបញ្ហាបានទាំងអស់គ្នា។ យើងត្រូវតែរួបរួមគ្នា យើងជួយគ្នា យើងនៅក្នុងសមាគមជាមួយគ្នា ដើម្បីយើងរីកចម្រើនទាំងអស់គ្នាបានរឹងមាំ យូរអង្វែង។
គួរកត់សំគាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មសក់ សម្អាង និងសម្រស់ នៅប្រទេសកម្ពុជា បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានការកើនឡើងនូវចំនួនអ្នកជំនាញជំនាញ និងហាងជាច្រើន ដែលសេវាកម្មមានគុណភាពខ្ពស់ និងមានស្តង់ដារកម្រិតខ្ពស់។ ឧស្សាហកម្មនេះ ត្រូវបានរួមចំណែកគាំទ្រយ៉ាងសកម្ម ដោយសមាគមជាងសក់ និងសម្អាងនៅកម្ពុជា និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ដែលជាសាលាបណ្តុះបណ្តាលជំនាញសក់ មានបទពិសោធន៍ជាង២០ឆ្នាំ មានស្តង់ដារខ្ពស់ សញ្ញាបត្រទទួលស្គាល់កម្រិតជាតិ និងអន្តរជាតិ ជាពិសេសមានដៃគូសហការ និងគាំទ្រកម្រិតអន្តរជាតិរហូតដល់ ១៨ ប្រទេស៕