(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបញ្ជាក់ថា ការបើកបវេសនកាល នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺឲ្យដឹងទៀតថា ថ្ងៃបើកបវេសនកាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវអនុវត្ត៖
* វិស្សមកាលតូច៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
* មហាវិស្សមកាល៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
រយៈពេលនៃឆ្នាំសិក្សា រាប់បញ្ចូលទាំងរយៈពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។
ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំស្តីពីប្រតិទិននៃការប្រឡងនានា នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅពេលក្រោយ។ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនជាធម្មតាបន្ទាប់ពីការប្រឡង ឆមាសលើកទី១ និងលើកទី២ រហូតដល់ថ្ងៃវិស្សមកាលលើកទី១ និងលើកទី២៕