(ឡាវ)៖ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាពជាមួយ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃ១៨ ខែតុលាឆ្នាំ២០២៤។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក សាយសំផន ភុមវិហាន ដែលបានចំណាយពេលវេលាដ៏មមាញឹក អំឡុងពេលរៀបចំមហាសន្និបាតអន្ដរសភាអាស៊ាន លើកទី៤៥ មករៀបចំជំនួបត្រីភាគីក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំងបី ក្នុងគោលដៅពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងជាមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនទាំងបី និងក្នុងតំបន់។ ថ្នាក់ដឹកនាំនៃរដ្ឋសភា នៃប្រទេសទាំងបីបានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។
កិច្ចសហប្រតិបត្តិការប្រទេសទំាងបី មិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ឡាវនិងវៀតណាមប៉ុណ្ណោះទេ តែជាការសំខាន់នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការលើកកម្ពស់ពហុនិយម នៅក្នុងបរិបទសកលលោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក៏បានជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងបីលើបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួលទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំងបីឱ្យបានកាន់តែល្អឡើងថែមទៀត។ ដោយឡែកក្នុងវិស័យ ទេសចរណ៍ ក៏បានប្តេជ្ញាថានឹងជំរុញអនុវត្ដបន្ថែមទៀតនូវ «ប្រទេសបី គោលដៅមួយ» ដើម្បីជួយសម្រួលដល់អ្នកទេសចរអាចធ្វើទេសចរណ៍ជាកញ្ចប់ រវាងទាំងបីប្រទេសបានកាន់តែងាយស្រួល។
សម្តេចប្រធានរដ្ឋសភា បានជូនពរ សូមឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវរៀបចំនាពេលនេះ ទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់ នាំមកនូវផលប្រយោជន៍ជូនជាតិនិងប្រជាជនប្រទេសទាំងបី ក៏ដូចជាអាស៊ាននិងពិភពលោកទំាងមូល។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងបី សង្ឃឹមថានឹងមានជំនួបអាហារពេលព្រឹកត្រីភាគីបន្តពេលក្រោយទៀត ។ជំនួបអាហារពេលព្រឹកក្រៅផ្លូវការ និងមិត្តភាពនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល ភាតរភាព ការគោរពនិងការយល់គ្នាទៅវិញទៅមក៕