(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើត បានបង្ហាញគោលជំហរវិជ្ជមានរួមគ្នា ដោយចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយពីមានការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចឱ្យបាននូវ ការលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងប្រទេសទាំងពីរ។
កាលពីថ្ងៃ១៩ សីហា ២០១៦ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសទីម័រខាងកើត រដ្ឋាភិបាលទាំងពីរ បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលផ្ដោតលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គោលជំហរវិជ្ជមាននេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃកម្ពុជា ជាមួយលោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសទីម័រខាងកើត ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការងារ។
ក្រោយពីបញ្ចប់ជំនួបខាងលើ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាផ្ដោតសំខាន់ ទៅលើវិស័យចំនួន២ រួមមាន៖ ទី១.វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនោះកម្ពុជាបានធ្វើការចែករំលែកបទពិសោធន៍ ទាក់ទងទៅនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ទាំងផ្នែកសាធារណៈ ផ្នែករដ្ឋ ផ្នែកឯកជន និងផ្នែកសង្គមស៊ីវិល, ទី២.ផ្ដោតលើវិស័យការងារ ដែលកម្ពុជាបានជួយរៀបចំបទប្បញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍលើវិស័យការងារ និងការអភិវឌ្ឍអង្គការសេរីភាពវិជ្ជាជីវៈ ការអភិវឌ្ឍលក្ខខណ្ឌការងារជាដើម ពិសេសច្បាប់ស្ដីពីការងារ។
លោករដ្ឋមន្រ្តីក្រសួងការងារបន្តថា «ភាគីទាំង២ក៏នឹងមានរៀបចំយន្តការ ការចរចាត្រីភាគី ការចរចាសមូហភាព ពីព្រោះថ្មីៗនេះ កម្ពុជាទើបនឹងបានសម្រេចលទ្ធផល នៃកិច្ចពិភាក្សាប្រាក់ឈ្នួល ឆ្នាំ២០១៧ យន្តការនេះ ភាគីទីម័រក៏កំពុងមានការចាប់អារម្មណ៍ខ្លាំង ដើម្បីស្វែងយល់នូវបទពិសោធន៍ទាំងនោះ»។
លោករដ្ឋមន្រ្តីបានបន្ថែមថា កិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ជាកិច្ចព្រមព្រៀងដំបូង ដោយសារតែប្រទេសទាំងពីរ ជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា ហើយមានស្ថានភាពប្រហាក់ប្រហែលគ្នា ដែលប្រទេសទាំងពីរបានចែករំលែក បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។
មួយទៀតសោត នៅប្រទេសទីម័រខាងកើត ក៏មានបុគ្គលិកជំនាញកម្ពុជាមួយចំនួន ទៅធ្វើការនៅទីនោះផងដែរ តាមរយៈអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិផ្សេងៗទៀត ហើយពួកគាត់ក៏កំពុងរៀបចំឱ្យមានជាសហគមន៍មួយ។ ក្នុងពេលកន្លងទៅ ក៏មាននិស្សិតរបស់ទីម័រខាងកើតមួយចំនួន ធ្លាប់បានមកសិក្សានៅកម្ពុជាផងដែរ៕