(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សមាជិករដ្ឋសភា ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ អនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបងផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះក៏មានការតាំងពិព័រណ៍ផលិតផល ប្រគុំតន្រ្តី បាញ់កាំជ្រួច បង្ហោះគោមជាដើម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ សម្រាប់ពិធីប្រណាំងទូកឆ្នាំ២០២៤ផងដែរ មានទូកចូលរួមប្រណាំងសរុបចំនួន៤២ទូក ក្នុងនោះមានកីឡាករកីឡា ការិនីចូលរួមសរុប១,៤៩០នាក់។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានកោតសរសើរនិងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរដែនដី មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តបាត់ដំបង ដែលបានរៀបចំពិធីនេះឡើងយ៉ាងអធិកអធម និងបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរក្នុងពិធីប្រកួតកីឡាប្រណាំងទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៤ ជាពិសេសជួយញ៉ាំងឱ្យប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តក្នុងពិធីនេះប្រកបដោយសាមគ្គីភាព មិត្តភាពយ៉ាងសប្បាយរីករាយ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណដល់សប្បុរសជន កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីនេះប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព និងសប្បាយរីករាយ។
ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានដល់កីឡាករ កីឡាការិនីដែលបានទទួលជ័យលាភីផងដែរ៕