(ស្វីស)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ការអនុម័តធម្មនុញ្ញថ្មីស្តីពីក្រមសមធម៌វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមការងាររបស់សហភាពអន្តរសភា (IPU) ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាសញ្ញាណនៃការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាទូទៅ ក្រោមមូលបទ «ការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អនាគតប្រកបដោយសន្តិភាព និងចីរភាព កាន់តែប្រសើរ» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អំឡុងមហាសន្និបាតរបស់ សហភាពអន្តរសភា(IPU ) លើកទី១៤៩។
លោកបានបន្ថែមថា ធម្មនុញ្ញថ្មីស្តីពីក្រមសមធម៌វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនឹងត្រូវអនុម័តជាផ្លូវការ នៅក្នុងមហាសន្និបាតរបស់ សហភាពអន្តរសភា(IPU ) លើកទី១៤៩នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិមួយគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគោលការណ៍សមធម៌។
លោកបានបន្ថែមថា «វាជាកាតព្វកិច្ចដ៏ឧឡារិករបស់យើង ក្នុងការធានាថា ភាពជឿនលឿនដែលយើងបានធ្វើឱ្យសម្រេចនៅក្នុងវិស័យទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺស្របទៅនឹងតម្លៃដែលបង្រួបបង្រួមយើងជាសហគមន៍សកល។ តម្លៃទាំងនេះរួមមាន៖
- ការសម្រេចចិត្តដែលផ្អែកលើភស្តុតាង និងព័ត៌មានច្បាស់លាស់។
- សមភាពយេនឌ័រ និងការចូលរួមរបស់យុវជន ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
- សិទ្ធិទទួលបានចំណេះដឹង និងបរិស្ថានមួយប្រកបដោយចីរភាព។
- កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកឧត្តម្មានុវត្តរវាងលោកខាងជើង និងលោកខាងត្បូង។
- តួនាទីនៃវិទ្យាសាស្ត្រ គឺជាកត្តានៃសន្តិភាព និងភាពសុខដុមរមនាពិភពលោក»។
លោកបានរំលឹកថា ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ កម្ពុជាបានដឹកនាំកិច្ចប្រជុំអាស៊ាន និងបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ញាសិប្បនិមិត្ត ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាស៊ាន ក្នុងការទទួលយកបញ្ញាសិប្បនិមិត្ត ប្រកបដោយការទទួលខុសត្រូវ សម្រាប់វឌ្ឍនភាព និងស្ថិរភាព ក្នុងតំបន់។ យើងអំពាវនាវឱ្យមានការចាត់ចែងប្រកបដោយការទទួលខុសត្រូវលើវិស័យ ដូចតទៅ៖
ក៖ បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគោលនយោបាយបញ្ញាសិប្បនិមិត្តគ្រប់ជ្រុងជ្រោយ និងប្រកបដោយសីលធម៌ ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព សេចក្តីថ្លៃថ្នូរ បរិយាបន្ន និងចីរភាព។
ខ៖ វិនិយោគលើវិស័យអប់រំ និងការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត ដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើងអាចចូលរួម និងទទួលបាននូវអត្ថប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យាទាំងនេះ។
គ៖ បង្កើតយន្តការ សម្រាប់ការវាយតម្លៃ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសង្គម និងលើកកម្ពស់កម្មវិធីបញ្ញាសិប្បនិម្មិត ដែលរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកអនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានបន្ថែមទៀតថា ខណៈពេលដែលយើងទទួលយកបច្ចេកវិទ្យាថ្មីៗ ចូរយើងកុំភ្លេចបច្ចេកវិទ្យាចាស់ៗ ដែលបានធ្វើឱ្យមានការវិវឌ្ឍផ្លាស់ប្តូរសព្វាវុធ ជាពិសេសគ្រាប់បែក និងគ្រាប់មីន។ យោងតាមអង្គការ UNDP គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) បានយកជីវិតមនុស្សម្នាក់ ក្នុងរៀងរាល់មួយម៉ោង។ មហាសន្និបាតនេះនឹងផ្តល់ឱកាសដ៏ល្អ ដើម្បីរំឭកខួបលើកទី២៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ១៩៩៧ ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (CIMAP) ។
អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការយកចិត្តទុកដាក់របស់គណៈកម្មការប្រតិបត្តិនៃសហភាពអន្តរសភា(IPU) លើពិការភាព និងជម្លោះប្រដាប់អាវុធ ដែលបានលើកឡើងនៅក្នុងមហាសន្និបាតនេះ ស្របតាមគោលដៅនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានប្រទេសហត្ថលេខីចំនួន១៦៤ អនុសញ្ញានេះបាននាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ កម្ពុជា ដែលជាភាគីនៃអនុសញ្ញានេះ តាំងពីឆ្នាំ១៩៩៩ បានបង្ហាញឱ្យឃើញពីការវិវឌ្ឍនរីកចម្រើន ដោយបានកម្ចាត់គ្រាប់មីនចេញពីខេត្តចំនួន១៨ ក្នុងចំណោមខេត្ត រាជធានីទាំង២៥ របស់កម្ពុជា ហើយមានគោលដៅសម្រេចឱ្យបានជាស្ថានភាពជាប្រទេសដែលគ្មានគ្រាប់មីន នៅត្រឹមឆ្នាំ២០២៥។
លោកបានបន្តទៀតថា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះការអនុវត្តនូវអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស កម្ពុជាមានកិត្តិយសធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លើកទី៥ ស្តីពីពិភពលោកគ្មានគ្រាប់មីន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យើងខ្ញុំសូមអញ្ជើញប្រជាជាតិទាំងអស់ចូលរួមជាមួយយើងខ្ញុំ នៅក្នុងព្រឹត្តិការណ៍នេះ ដោយបន្តការប្តេជ្ញាចិត្តរួមគ្នា ដើម្បីគោលការណ៍មនុស្សធម៌ និងកិច្ចការពារជនស៊ីវិល។
លោកបានបញ្ជាក់បន្ថែមទៀតថា សូមឱ្យការរំឭកខួបអនុសញ្ញានេះជាកត្តាជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ឆ្ពោះទៅការរំសាយសព្វាវុធជាសកល។ យើងខ្ញុំសូមសំណូមពរដោយទទូចចំពោះប្រទេសមិនមែនជាភាគីនៃអនុសញ្ញាអូតាវ៉ា សូមឱ្យផ្តល់សច្ចាប័នលើអនុសញ្ញានេះ ដោយរួបរួមគ្នាដើម្បីបញ្ចប់ការឈឺចាប់មិនគួរឱ្យកើតមាន ដែលបណ្តាលមកពីអាវុធអស់ទាំងនេះ។ យើងអាចរួមគ្នាកសាងពិភពលោកដែលគ្មានគ្រាប់មីន ដោយមានសុវត្ថិភាពជាងមុន សម្រាប់មនុស្សជំនាន់ក្រោយ។
លោកបានបញ្ជាក់បន្ថែមថា ជាទីបញ្ចប់ មហាសន្និបាតសហភាពអន្តរសភា(IPU ) លើកទី១៤៩ នេះ បានអំពាវនាវយ៉ាងច្បាស់លាស់ឱ្យមានកិច្ចសហប្រតិបត្តិការសភាពិភពលោកលើបញ្ហាបន្ទាន់នៃបច្ចេកវិទ្យា និងមនុស្សធម៌ នៅក្នុងសម័យកាល បច្ចុប្បន្ននេះ។ តាមរយៈការបង្រួបបង្រួមសំឡេង និងកិច្ចខិតខំប្រឹងប្រែងរបស់យើង យើងអាចកំណត់ផ្លូវទៅដល់ពិភពលោកមួយដ៏យុត្តិធម៌ និងសមធម៌ប្រសើរជាងមុន គឺជាពិភពលោកមួយ ដែលអត្ថប្រយោជន៍នៃនវានុវត្តន៍ត្រូវបានចែករំលែកដោយមនុស្សគ្រប់គ្នា ដោយហេតុនេះ នឹងធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប កាន់តែរីកចម្រើន៕