(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតទល់នឹងក្រុមភ្ញៀវហុងកុង នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦ នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាជំនួបសងសឹកក្នុងមិត្តភាពអន្តរជាតិ ជើងទី២ បន្ទាប់ពីបរាជ័យ ៤-២ នៅទឹកដីហុងកុង កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៨ ហើយដែលក្រុមទាំងពីរនៅតំបន់អាស៊ីនេះជួបគ្នា ក្នុងនោះដែរក្រុមគោព្រៃកម្ពុជា ទើបតែយកឈ្នះក្រុមដែលស្ថិតនៅលេខរៀងទី១៤៣ ក្នុង FIFA Ranking បាន២ប្រកួតនៅឡើយ គ្រាដែលបច្ចុប្បន្ន ហុងកុង សម្បូរទៅដោយកីឡាករចូលសញ្ជាតិយ៉ាងច្រើននោះ។
ការប្រកួតមិត្តភាពអន្តរជាតិនេះសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះនៃការប្រកួតវគ្គជម្រុះពានរង្វាន់ អាស៊ាន AFF Suzuki Cup 2016 ដើម្បីស្វែងរកកៅអីទៅបង្រ្គប់ពូល B ក្នុងជុំផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមចុងឆ្នាំ២០១៦ ខាងមុខធ្វើនៅ២ប្រទេសផ្សេងគ្នា បន្ទាប់ពីបោះជំរុំហ្វឹកហាត់ជុំគ្នានៅប្រទេសសិង្ហបុរីរយៈពេល១០ថ្ងៃមកនេះ។
កម្ពុជា ទើបតែបរាជ័យ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម៥ប្រកួតផ្លូវការនាពេលថ្មីៗចុងក្រោយនេះ ដែលធ្វើឲ្យលេខរៀងក្នុងចំណាត់ថ្នាក់ពិភពលោក (World FIFA Ranking) ធ្លាក់ពីលេខ១៨២ មកនៅត្រឹមលេខរៀងទី១៧៣។ អ្វីដែលគួរ ឲ្យកត់សម្គាល់មួយទៀត កម្ពុជាបានបំបែកប្រវត្តិសាស្រ្តថ្មី ដោយបានយកឈ្នះក្រុមសិង្ហបុរី ២-១ ក្នុងមិត្តភាពអន្តរជាតិដូចគ្នាកាលពីខែកក្កដាកន្លងទៅនៅស្តាតអូឡាំពិកនេះដូចគ្នា ក្រោមតម្លៃសំបុត្រ ១០០០០រៀល ក្នុងដំបូល និង ៥០០០រៀល ក្រៅដំបូលជាបន្តទៀតផងដែរ៕